ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងប្រជែង នៃក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ៣,២១៣កន្លែង ឱ្យចូលបម្រើការងារ នៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តចំនួន ០៥ រួមមាន ខេត្តព្រៃវែង ត្បូងឃ្មុំ កំពង់ចាម បាត់ដំបង និង តាកែវ។ បេក្ខជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ និងមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រគ្រប់ជំនាញ។
យោងតាមសេចក្តីជូនដំណឹងនៃក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា បេក្ខជនត្រូវជ្រើសរើសឃុំ-សង្កាត់ដែលមាន តម្រូវការគ្រូបង្រៀន។ បេក្ខជនជាប់ស្ថាពរ នឹងត្រូវចាត់ឱ្យទៅបំពេញការងារនៅសាលាបឋមសិក្សាក្នុងភូមិសាស្ត្រឃុំ-សង្កាត់ គោលដៅ។ បេក្ខជនជាប់បម្រុងអាចត្រូវជ្រើសរើសដើម្បីបំពេញកន្លែងទំនេរ ឬទៅបង្រៀននៅសាលាបឋមសិក្សាដែលមាន តម្រូវការគ្រូបង្រៀននៅតាមភូមិសាស្ត្រផ្សេងៗក្នុងប្រទេស និងផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។បេក្ខជន អាចស្កេន QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs25moeys ដើម្បីបំពេញ ព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវសម្រាប់ការដាក់ពាក្យ ឱ្យបានមុនថ្ងៃទី ១៩ តុលា ២០២៥ ម៉ោង ៥រសៀល។ ក្រោយប្រឡងជាប់ជាស្ថាពរ បេក្ខជននឹងចាប់ផ្តើមការងារនៅខែវិច្ឆិកា ឆ្នាំ២០២៥ ដែលក្នុងនោះ រយៈពេលកិច្ចព្រមព្រៀង៖ រយៈពេល១ឆ្នាំ (១២ខែ) និងអាចបន្តផ្អែកលើលក្ខខណ្ឌ និងគោលការណ៍កំណត់។
បើតាមប្រភពដដែល បេក្ខជនដែលបានចុះឈ្មោះរួចរាល់ ត្រូវចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះអនឡាញតាមរយៈ តំណភ្ជាប់ https://go.gov.kh/era/mcs25moeys ឬអ៊ីម៉ែលសាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្តបន្ទាប់ពីក្រុមការងារ ដែលបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះ និងគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈតែប៉ុណ្ណោះ។ ចំពោះព័ត៌មានពាក់ព័ន្ធនឹងការចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ និងប្រព័ន្ធតេលេក្រាម (០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០១០ ៤៣៧ ៩២២ និង ០៩២ ៤៥៦ ៥៥៥) រៀងរាល់ម៉ោងធ្វើការ។
លក្ខខណ្ឌនៃការជ្រើសរើស គ្រូបង្រៀននៅគ្រឹះស្ថានបឋមសិក្សាសាធារណៈ តម្រូវឱ្យបេក្ខជនមានគុណវុឌ្ឍិ ដោយមានបរិញ្ញាបត្រឡើងទៅ ឯកទេសគ្រប់ជំនាញ ។ ចំណែកឯ តួនាទី ភារកិច្ច និងការទទួលខុសត្រូវរួមមាន៖
• ត្រូវទទួលការបណ្តុះបណ្តាលផ្នែកបង្រៀន និងបរិច្ចាគចំណេះដឹងតម្រង់ទិសវិជ្ជាជីវៈទៅកាន់កុមារ
• ផ្តល់ការបណ្តុះបណ្តាល អប់រំបំណិនជីវិត ចរិយាធម៌ និងបទពិសោធដល់កុមារ
• ចែករំលែក និងតម្រង់ទិសវិជ្ជាជីវៈ ដល់កុមារ
• ស្រាវជ្រាវវិធីសាស្ត្របង្រៀនយោងតាមខ្លឹមសារនៃគ្រួសតវត្សទី២១
• រៀបចំ និងដឹកនាំសិស្សឱ្យចេះរៀបចំគម្រោង និងស្នាដៃផ្សេងៗ
• ផ្តល់ទស្សនទាន កែលម្អ លើរបាយការណ៍ និងស្នាដៃសិស្ស
• ចូលរួមត្រួតពិនិត្យផែនការសាលារៀន
• គោរព និងអនុវត្តតាមតួនាទី ភារកិច្ចដូចមានចែងក្នុងនិយាមប្រើប្រាស់បុគ្គលិករបស់ក្រសួងអប់រំ យុវជន និងកីឡា
• អនុវត្តភារកិច្ចផ្សេងៗទៀត ស្របតាមច្បាប់ និងការចាត់តាំងជាធរមាន។
ក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ប្រាក់បៀវត្យដែលទទួលបានគឺ ចាប់ពី ១ ៥០០ ០០០ រៀល ឡើងទៅ។ អត្ថប្រយោជន៍ផ្សេងៗ ដែលអាចទទួលបាន៖
១.ផ្នែកហិរញ្ញវត្ថុ
- បេសកកម្ម លំហែមាតុភាព សហព័ទ្ធ កូន ប្រាក់រង្វាន់អង្គភាព ប្រាក់ឧបត្ថម្ភចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ និងប្រាក់ឧបត្ថម្ភផ្សេងៗ...
- ការលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម និងទំហំការងារឬការងារបន្ថែម
- របបគាំពារសង្គម
២.ផ្នែកមិនហិរញ្ញវត្ថុ
- ការវិវឌ្ឍអាជីពតាមតំណែងវិជ្ជាជីវៈ និងការទទួលស្គាល់កម្រិតវិជ្ជាជីវៈ
- ទទួលបានការបណ្តុះបណ្តាលអភិវឌ្ឍន៍ជំនាញបច្ចេកទេសក្នុងនិងក្រៅប្រទេស
- ទទួលបានសិទ្ធិឈប់សម្រាក
- ការផ្តល់បណ្ណសរសើរ គ្រឿងឥស្សរិយយស និងការលើកទឹកចិត្តក្នុងទម្រង់ផ្សេងទៀតតាមការសម្រេចរបស់ រាជរដ្ឋាភិបាល
គួរបញ្ជាក់ថា ក្រោយដាក់ពាក្យ បេក្ខជននឹងឆ្លងកាត់ការប្រឡង វិញ្ញាសាសរសេរ និង វិញ្ញាសាពហុចម្លើយ។ វិញ្ញាសាសរសេរ (សំណួរពហុចម្លើយនិងចម្លើយសរសេរខ្លីៗពាក់ព័ន្ធនឹងចំណេះដឹងក្នុងសៀវភៅសិក្សាគោល ភាសាខ្មែរនិងគណិតវិទ្យា កម្រិតបឋម កម្រិតអនុវិទ្យាល័យ កម្រិតវិទ្យាល័យ និងគរុកោសល្យបង្រៀននៅ បឋមសិក្សា) មាន ភាសាខ្មែរ និង គណិតវិទ្យា។ ចំណែកឯ វិញ្ញាសាពហុចម្លើយ រួមមាន ចំណេះដឹងទូទៅ (មុខងារសាធារណៈ, ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន, វប្បធម៌អរិយធម៌ខ្មែរ) និងភាសាអង់គ្លេស (កម្រិតមូលដ្ឋាន)។ មណ្ឌលប្រឡង នឹងធ្វើឡើងនៅរាជធានីភ្នំពេញ (ទីតាំងមណ្ឌលប្រឡង នឹងជូនដំណឹងពេលក្រោយ)៕