681 ezgif.com resize
Swift cc time

យុវជនមកពី ២៥ រាជធានី ខេត្ត ចូលរួមកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ (កម្មវិធី STEM) ឆ្នាំ២០២៥

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ នាយកដ្ឋានអប់រំយុវជននិងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីបើកវគ្គបណ្ដុះគំនិត ស្ដីពី នីតិវិធី និងទម្រង់ នៃការរៀបចំគម្រោងស្នាដៃរបស់យុវជន នៃ«កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៥» ក្រោមប្រធានបទ៖ “ការផលិតរ៉ូបូត សម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍសាលារៀន” ដល់យុវជនមកពី ២៥ រាជធានី ខេត្ត។

យោងតាមក្រសួងអប់រំ បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ រៀបចំឡើង ក្នុងគោលបំណង ជំរុញឱ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ឱ្យបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងលើការសិក្សា និងការស្រាវជ្រាវមុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា, លើកទឹកចិត្តដល់យុវជនឱ្យមានគំនិតផ្ដួចផ្ដើមបង្កើតថ្មី និងច្នៃប្រឌិតនូវអ្វីដែលបានស្រាវជ្រាវបន្ទាប់ពីសិក្សារួច, និង ផ្តល់ឱកាសឱ្យយុវជនបានបង្ហាញនូវសមត្ថភាព និងស្នាដៃបង្កើតថ្មីរបស់ក្រុមខ្លួន និងចែករំលែកបទពិសោធទៅកាន់សិស្សមកពីបណ្តារាជធានី ខេត្តដទៃទៀត។

បើតាមប្រភពដដែល លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ បានថ្លែងក្នុងកម្មវិធីបើកនេះថា “ក្នុងនាមយុវជនសតវត្សរ៍ទី២១ ត្រូវមានសមត្ថភាព មានទំនុកចិត្ត ភាពក្លាហាន ស្មារតីសាមគ្គីភាព ក្នុងកិច្ចការស្រាវជ្រាវនូវអ្វីដែលថ្មី និងបង្កើតស្នាដៃថ្មីសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិ។ ជាពិសេសក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ប្អូនៗត្រូវអភិវឌ្ឍជំនាញផ្នែក STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) និងសិក្សាឈ្វេងយល់អំពី បញ្ញាសិប្បនិម្មិត (AI) ដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលអាចបង្កើត និងដោះស្រាយបញ្ហាពិតក្នុងជីវិតប្រចាំថ្ងៃ។”

បន្ថែមពីនេះ រដ្ឋលេខាធិការក្រសួងអប់រំរូបនេះ បានជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សជាសិក្ខាកាមទាំងអស់ រយៈពេល២ថ្ងៃនេះ សូមយកចិត្តទុកដាក់ និងត្រងត្រាប់ឱ្យបានស៊ីជម្រៅលើខ្លឹមសារមេរៀន ដែលវាគ្មិនបង្ហាត់បង្ហាញ ព្រោះនេះគឺជាឱកាសសម្រាប់ចាប់យកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីជាទុនក្នុងការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងលើការប្រកួតប្រជែងគម្រោងស្នាដៃរបស់ខ្លួន៕

Khcct banner

អត្ថបទទាក់ទង