ភ្នំពេញ៖ ក្រសួងសុខាភិបាល និងសម្ព័ន្ធវ៉ាក់សាំង Gavi នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នឹងបន្តសហការក្នុងការការពារជំងឺមហារីកមាត់ស្បូន តាមរយ:កម្មវិធីផ្តល់វ៉ាក់សាំងដល់ស្រ្តីកម្ពុជា ព្រមទាំងគាំទ្រសកម្មភាពបញ្ចូលវ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់ស្របតាមផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់ក្រសួងសុខាភិបាលកម្ពុជា។
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានទទួលជួបលោកវេជ្ជបណ្ឌិត Sam Muller នាយកសម្ព័ន្ធវ៉ាក់សាំង Gavi ប្រចាំតំបន់អឺរ៉ុប តំបន់អាស៊ី និងតំបន់អាហ្វ្រិកខាងត្បូង និងជាប្រធានគណៈប្រតិភូ មកពីការិយាល័យកណ្តាលសម្ព័ន្ធវ៉ាក់សាំង Gavi នៅទីក្រុងហ្សឺណែវ និងក្រុមការងារ។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីរាយការណ៍ពីលទ្ធផល នៃការវាយតម្លៃរួមការងារផ្តល់ថ្នាំបង្ការ (Joint Appraisal) និងជម្រាបពីការសម្រេចរបស់ក្រុមប្រឹក្សាភិបាលសម្ព័ន្ធវ៉ាក់សាំង Gavi សម្រាប់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ឆ្នាំ២០២៦-២០៣០។
លោករដ្ឋមន្ត្រី បានស្វាគមន៍និងថ្លែងអំណរគុណ សម្ព័ន្ធវ៉ាក់សាំង Gavi ដែលបានសហការគាំទ្រ ក្រសួងសុខាភិបាលយ៉ាងជិតស្និទ្ធ តាមរយៈកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ផ្តល់ជំនួយឥតសំណងដល់កម្ពុជា ទាំងថវិកា និងបច្ចេកទេសក្នុងការផ្តល់ថ្នាំបង្ការ ដើម្បីបង្កើនអត្រាគ្របដណ្តប់វ៉ាក់សាំង ព្រមទាំងគាំទ្រសកម្មភាពបញ្ចូលវ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់ស្របតាមផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់ក្រសួងសុខាភិបាលកម្ពុជា ។
លោករដ្ឋមន្ត្រី បានសំដែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់សម្ព័ន្ធវ៉ាក់សាំង Gavi តាមរយ:ការបង្ហាញនូវលទ្ធផល នៃការវាយតម្លៃរួមការងារផ្តល់ថ្នាំបង្ការ ជាពិសេសចំណុចដែលត្រូវខិតខំបន្ថែមទៀត លទ្ធផលនេះជាព័ត៌មានយ៉ាងសំខាន់ សម្រាប់ពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ និងរៀបចំកែសម្រួលយុទ្ធសាស្ត្រជាតិផ្តល់ថ្នាំបង្ការឱ្យស្របតាមយុទ្ធសាស្ត្រ Gavi 6.0 (2026-30) នាពេលខាងមុខនេះ៕