681 ezgif.com resize
Swift cc time

CDCចុះបញ្ជីគម្រោងវិនិយោគចំនួន៥៤៦គម្រោងក្នុងទុនសរុបប្រមាណ៧,៨ប៊ីលានដុល្លារ រយៈពេល៩ខែឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក.) បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

បើតាមរបាយការណ៍ រយៈពេល៩ខែនេះ គម្រោងវិនិយោគដែលបានចុះបញ្ជីមានចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោងស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល គ.វ.ក. បានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែ ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ប៊ីលានដុល្លារអាម៉េរិក។

ជាការកត់សម្គាល់ ត្រឹមតែរយៈពេល៩ខែ គ.វ.ក បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៣២គម្រោង។

ដោយឡែកក្នុងខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៤៦៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៧ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុបគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង។

រយៈពេល៩ខែនេះ ទុនវិនិយោគតាមវិស័យនីមួយៗមានដូចជា៖ វិស័យឧស្សាហកម្ម ៥,៣ ប៊ីឡានដុល្លារ កសិកម្មនិងកសិឧស្សាហកម្ម ៤០៥ លានដុល្លារ ទេសចរណ៍ ១៧៥ លានដុល្លារ ហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ ១,៩ ប៊ីលានដុល្លារ។

ជាមួយគ្នានេះ ប្រភពទុនវិនិយោគដែលមានភាពឈានមុខគេនៅកម្ពុជាមានដូចជា៖ ចិន, កម្ពុជា, សិង្ហបុរី, វៀតណាម, កោះ British Virgin, អង់គ្លេស, កោះ Cayman, កោះ Samoa, Bermuda, និងសហរដ្ឋអាម៉េរិក៕


Khcct banner

អត្ថបទទាក់ទង