ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងលើកទឹកចិត្តដល់និស្សិតដែលទទួលបានជ័យលាភី ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចជោគជ័យរបស់ខ្លួនឱ្យបាន ព្រោះថាភាពជោគជ័យរបស់និស្សិតគ្រប់រូប ស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិទាំងមូល។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២,៨១៤អង្គ/នាក់។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រនោះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និង ទទួលសញ្ញាបត្រនៅថ្ងៃនេះ។លោក ហ៊ុន ម៉ានី ថា “ប្អូនៗត្រូវដឹងថា ប្អូនៗទាំងអស់គ្នានេះហើយ ដែលនឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង ហើយការបញ្ចប់ការសិក្សារបស់ប្អូនៗនៅពេលនេះ បានបើកឱកាសនៃការប្រកបអាជីព វិជ្ជាជីវៈនានា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា។"
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងខ្លាំងថា និស្សិតដែលទទួលសញ្ញាបត្រនាពេលនេះ ទាំងកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សុទ្ធសឹងជាបញ្ញវន្ត ប្រកបដោយបញ្ញាញាណ និងជាកម្លាំងស្នូល ពោរពេញដោយបច្ចេកទេស ជំនាញ មានចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ល្អប្រពៃ និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ទៅចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ និស្សិតនៅទីនេះ មានក្តីស្រមៃ ក្តីសង្ឃឹម និងអនាគតដែលប៉ងប្រាថ្នា។ ដូចនេះ សូមបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចជោគជ័យរបស់ខ្លួនឱ្យបាន ព្រោះថាភាពជោគជ័យរបស់និស្សិតគ្រប់រូប ស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិទាំងមូល។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២,៨១៤អង្គ/នាក់ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោកមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និស្សិតជ័យលាភី និងមាតាបិតា អាណាព្យាបាល សរុបជាង ៦,០០០អង្គ/នាក់។
យោងតាមរបាយការណ៍ និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ២,៨១៤អង្គ/នាក់ ក្នុងនោះ ថ្នាក់បណ្ឌិត ចំនួន ១០នាក់, បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៧៥នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ១,៨៩៧នាក់ និងថ្នាក់បរិញ្ញាបត្ររង ចំនួន ៧៣២នាក់។ បច្ចុប្បន្ន សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន ៣ទីតាំង ក្នុងរាជធានីភ្នំពេញ៖ ទីតាំងទី១-ទួលស្លែង, ទីតាំងទី២-ស្ពានអាកាសចោមចៅ (កន្លែងកំពុងប្រារព្ធពិធីប្រគល់សញ្ញាបត្រនាពេលនេះ) និង ទីតាំងទី៣-ទួលពង្រ (កំពុងសាងសង់)។ សាកលវិទ្យាល័យ មានកម្មវិធីសិក្សា៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសាអង់គ្លេស-ចិន និងកុំព្យូរទ័រ, ២-ថ្នាក់បរិញ្ញាបត្ររង, ៣-ថ្នាក់បរិញ្ញាបត្រ, ៤-ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សា កម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០% និងមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ)៖ ១-គ្រប់គ្រងពាណិជ្ជកម្ម, ២-ហិរញ្ញវត្ថុនិងធនាគារ, ៣-សេដ្ឋកិច្ច, ៤-ច្បាប់, ៥-អប់រំ សិល្បៈ និងមនុស្សសាស្ត្រ, ៦-ទេសចរណ៍និងបដិសណ្ឋារកិច្ច, ៧-ព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រ, ៨-បច្ចេកវិទ្យាឌីជីថលនិងទូរគមនាគមន៍, ៩-វិស្វកម្ម, ១០-ស្ថាបត្យកម្ម, ១១-ទំនាក់ទំនងអន្តរជាតិ, ១២-អាកាសចរស៊ីវិល និង ១៣-ភាសាចិន៕