រដ្ឋធានីម៉ានីល៖ រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា និងរដ្ឋមន្រ្តីក្រសួងកសិកម្ម និងបរិស្ថាននៃប្រទេសឡាវ បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន ជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ ពិសេសជំរុញការពិនិត្យនីតិវិធីនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។
ក្នុងឱកាសនៃជំនួបរវាងភាគីទាំងពីរ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើឡើងពីកិច្ចសហប្រតិបត្តិការជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសការនាំចូលរ៉ែជីកសិកម្មពីប្រទេសឡាវសម្រាប់ផ្គត់ផ្គង់វិស័យកសិកម្មកម្ពុជា និងពិនិត្យនីតិវិធីនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។ លោកក៏បានបង្ហាញគោលជំហរសុទិដ្ឋនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ និងបន្តសហការជាមួយក្រសួងកសិកម្មនៃប្រទេសកម្ពុជា។
ជាទីបញ្ចប់ ភាគីទាំងពីរ បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន ជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕
គួរបញ្ជាក់ថា នាល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំទ្វេភាគីជាមួយលោក Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាននៃប្រទេសឡាវ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន៕