681 ezgif.com resize
Swift cc time

សភាម៉ាឡេស៊ី តាមដានដោយយកចិត្តទុកដាក់ ការអនុវត្តបទឈប់បាញ់ និងគំាទ្រការដោះស្រាយ ជម្លោះដោយសន្តិវិធីរបស់កម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ដាតុក វីរ៉ា ម៉ុដ ហាតា ប៊ីន អឹមឌី រ៉ាមលី សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី បានគូសបញ្ជាក់ថា សហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី បានតាមដានដោយយកចិត្តទុកដាក់នូវការអនុវត្តបទឈប់បាញ់ ហើយគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដែលថាជម្លោះមិនអាចដោះស្រាយដោយសង្រ្គាមនោះទេ មានតែការចរចាទេទើបអាចបញ្ចប់សង្រ្គាមបាន។ លោកមានជំនឿមុតមាំថាបញ្ហានេះនឹងដោះស្រាយបានក្នុងពេលឆាប់ៗ។

ការថ្លែងនេះធ្វើឡើងក្នុងពេលដែលសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយលោក ដាតុក វីរ៉ា ម៉ុដ ហាតា ប៊ីន អឹមឌី រ៉ាមលី (YB SENATOR DATUK WIRA DR. MOHD HATTA BIN MD RAMLI) សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្តេចរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក និងគណៈប្រតិភូ ដែលបានអញ្ជើញញមកបំពេញទស្សនកិច្ចនៅកម្ពុជានិងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់កំពូលៗរបស់កម្ពុជា មានសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ក្នុងការស្វែងរកផលប្រយោជន៍ជូនពលរដ្ឋ ពិសេសការលើកកម្ពស់សុខសន្តិភាព។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរកាន់តែជិតស្និទ្ធថែមទៀត ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។ សម្តេចបានអបអរសាទរសភាប្រទេសម៉ាឡេស៊ី ដែលបានចំរៀបមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ទទួលបានជោគជ័យ នៅក្នុងការលើកកម្ពស់សុខសន្តិភាព វិបុលភាព សហគមន៍អាស៊ាន ប្រកបដោយចីរភាពនិងបរិយាបន្ន។

សម្តេច ឃួន សុដារី បានគូសបញ្ជាក់ថានៅក្នុងនាមជាតំណាងប្រជាពលរដ្ឋ សភាមានតួនាទីសំខាន់ ក្នុងការស្វែងរកដោះស្រាយនានាជូនពលរដ្ឋ ធានាសុខសន្តិភាព សុវត្ថិភាពជូនម្ចាស់ឆ្នោត។ ប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ព្រមទាំងតួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួល និងដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដើម្បីត្រួតពិនិត្យនិងអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់។

សម្តេច ឃួន សុដារី បានរំលឹកថាកម្ពុជាស្រឡាញ់សន្តិភាព ការពារសន្តិភាព ដោយសារកម្ពុជា ធ្លាប់បានឆ្លងកាត់សង្រ្គាមនិងបានហែលឆ្លងទុក្ខលំបាកពីសង្រ្គាមអស់ជាច្រើនទសវត្សរ៍មកហើយ។ដូច្នេះមិនចង់ឃើញពលរដ្ឋខ្លួនឬជាតិសាសន៍ដទៃជួបទុក្ខលំបាកពីសង្រ្គាមទៀតនោះឡើយ។ ដើម្បីសេចក្តីសុខដល់ពលរដ្ឋទំាងសងខាង ក៏ដូចសហគមន៍អាស៊ានទំាងមូល កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់អនុវត្តបទឈប់បាញ់ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ក្រោមការដឹកនាំផ្ទាល់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលផ្តួចផ្តើមដោយ ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក និងមានការចូលរួមសង្កេតការណ៍ដោយបណ្តាប្រទេសជាមិត្តមានប្រទេសចិនជាដើមនោះ។

សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូថាកម្ពុជានៅប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការដែលមានស្រាប់ គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

លោក ដាតុក វីរ៉ា ម៉ុដ ហាតា ប៊ីន អឹមឌី រ៉ាមលី បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលស្វាគមន៍និងជួបពិភាក្សាជាមួយគណៈប្រតិភូនៅក្នុងឱកាសនេះ។ លោកបានជម្រាបជូន សម្តេចប្រធានរដ្ឋសភា អំពីលទ្ធផលជាវិជ្ជមានជាច្រើន នៅក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅក្នុងឱកាសនេះ មានជំនួបសម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត ជាដើមនោះ ធ្វើឱ្យគណៈប្រតិភូបានយល់កាន់តែច្បាស់ពីជម្លោះព្រំដែនកម្ពុជានិងថៃ។ លោកប្រធានគណៈប្រតិភូ បានគំាទ្រឆន្ទៈមោះមុត និងការចូលរួមរបស់ថ្នាក់ដឹកនាំកម្ពុជាក្នុងការលើកកម្ពស់ សុខសន្តិភាព សម្រាប់ភពផែនដី។

លោក ដាតុក វីរ៉ា ម៉ុដ ហាតា ប៊ីន អឹមឌី រ៉ាមលី បានគូសបញ្ជាក់ថា សហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី បានតាមដានដោយយកចិត្តទុកដាក់នូវការអនុវត្តបទឈប់បាញ់ ហើយគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដែលថាជម្លោះមិនអាចដោះស្រាយដោយសង្រ្គាមនោះទេ មានតែការចរចាទេទើបអាចបញ្ចប់សង្រ្គាមបាន។ លោកមានជំនឿមុតមាំថាបញ្ហានេះនឹងដោះស្រាយបានក្នុងពេលឆាប់ៗ។

ជាមួយគ្នានេះ លោកប្រធានគណៈប្រតិភូ បានអបអរសាទរការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា។ តាមរយៈការចូលរួមសង្កេតការណ៍ពីការបោះឆ្នោតនៅកម្ពុជា នាពេលកន្លងមក លោកថ្លែងការកោតសរសើរពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលមានការបោះឆ្នោតមួយបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងតម្លាភាព ពីព្រោះថាសូម្បីបញ្ជីឈ្មោះពលរដ្ឋអ្នកបោះឆ្នោត ក៏មានបិទរូបថត ថែមទៀតផង។ នេះជាចំណុចល្អដែលត្រូវរៀនសូត្រពីកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង