681 ezgif.com resize
Swift cc time

លោក ជួន ណារិន្ទ ដាក់បទបញ្ជាដល់មន្ត្រីនគរបាលទាំងអស់ បង្កើនការយកចិត្តទុកដាក់លើកិច្ចការងារភូមិ សង្កាត់មានសុវត្ថិភាព ឱ្យបានជាប្រចាំ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ខែតុលា ឆ្នាំ២០២៥ បានដាក់បទបញ្ជាដល់មន្ត្រីនគរបាលទាំងអស់ បន្តបង្កើនការយកចិត្តទុកដាក់លើកិច្ចការងារបន្តអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ឱ្យបានជាប្រចាំ ដើម្បីទប់ស្កាត់រាល់បទល្មើសនានា កុំឱ្យកើតមានឡើងនៅតាមភូមិឋានរស់នៅរបស់ប្រជាពលរដ្ឋ។ ការលើកឡើងនេះ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែកញ្ញា លើកទិសដៅការងារបន្តប្រចាំខែតុលា ឆ្នាំ២០២៥ និងរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១២២រូប។

លោក ជួន ណារិន្ទ បានសម្តែងការកោតសសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលទាំងអស់ ដែលបានធ្វើការងារសហកាដោយប្រើប្រាស់វិធានជំនាញយ៉ាងល្អ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព និងបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចបានលទ្ធផលល្អ។ លោកបន្ថែមថា ខណៈដែលប្រទេសមានការអភិវឌ្ឍលំហូរនៃបទល្មើសផ្សេងៗ ជាពិសេសបទល្មើសប្រព័ន្ធឌីជីថល ក៏អាចកើតមានឡើងច្រើនផងដែរ ក្នុងនាមជាកងកម្លាំងនគរបាលជាតិ មិនអាចបណ្តោយឱ្យសភាពការណ៍បទល្មើសទាំងឡាយនោះ អាចកើតងាយៗបាននោះទេ ត្រូវប្រើប្រាស់សមត្ថភាពជំនាញដើម្បី ទប់ស្កាត់ និងបំផ្លាញបទល្មើសទាំងនោះឱ្យមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខជូនពលរដ្ឋ និងសង្គមជាតិ។

 លោក ជួន ណារិន្ទ បានដាក់បទបញ្ជាដល់មន្ត្រីនគរបាលទាំងអស់ ពិសេសនគរបាលនៅថ្នាក់មូលដ្ឋានខណ្ឌទាំង១៤ បន្តបង្កើនយកចិត្តទុកដាក់លើកិច្ចការងារបន្តអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពឱ្យបានជាប្រចាំបន្តទៀត សំដៅធ្វើយ៉ាងណាទប់ស្កាត់រាល់បទល្មើសនានា ដូចជាគ្រឿងញៀន ក្មេងទំនើង អំពើចោរកម្ម និងល្បែងស៊ីសង ជាដើម កុំឱ្យកើតមានឡើងនៅតាមភូមិឋានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាក្តីកង្វល់ ដល់ការរស់នៅរបស់ពួកគាត់៕


Khcct banner

អត្ថបទទាក់ទង