វៀតណាម៖ ព្យុះទីហ្វុងប៊ូឡូយដែលបានចាប់វាយប្រហារប្រទេសវៀតណាមកាលពីដើមសប្តាហ៍បានបង្កឲ្យអ្នកស្លាប់កើនដល់ ៥១នាក់ និងប្រមាណ ១៤នាក់ទៀតបាត់ខ្លួន និងមានជាង ១៦៤ រងរបួសធ្ងន់ស្រាល។ ព្យុះទីហ្វុងប៊ូឡូយបាបបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនាៗរួមមានផ្លូវ ផ្ទះសម្បែង ដីស្រែចម្ការ និងធ្វើឲ្យវៀតណាមខាតបង់ទឹកប្រាក់សរុបនៅទូទាំងប្រទេសជាង ៤៥០លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍ចុងក្រោយពីប្រព័ន្ធផ្សព្វផ្សាយវៀតណាមគិតត្រឹមថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៥ នេះ។
យោងតាមកាសែតវៀតណាម VNExpress បានរាយការណ៍ថាព្យុះទីហ្វុងកំណាចប៊ូឡូយនេះបានបំផ្លាញផ្ទះចំនួន ១៦០ ខ្នង និងខូចខាតជិត ១៥ម៉ឺនខ្នងទៀត ដោយមានដំណាំជាង ៥១,០០០ហិកតា វារីវប្បកម្ម ១៣,៤០០ ហិកតា គោ ១,៦០០ ក្បាល និងសត្វបក្សីចំនួន ៤០ម៉ឺន ក្បាលត្រូវបានបំផ្លាញ និងងាប់។ ហើយមានសាលារៀនជាង ១,៤០០ ត្រូវបានរងផលប៉ះពាល់ ផ្លូវនៅក្នុងខេត្តភាគខាងជើង-កណ្តាល បានទទួលរងការបាក់ដី និងមានទឹកជំនន់ជន់លិច កកស្ទះចរាចរណ៍ ហើយបង្គោលភ្លើងជាង ៨,២០០ និងដើមឈើ ៦៥,០០០ ត្រូវបានដួលរលំ ដោយកាត់ផ្តាច់ចរន្តអគ្គិសនីដល់ពលរដ្ឋប្រមាណ ២.៧ លាននាក់។
អាជ្ញាធរវៀតណាមបាននឹងកំពុងតែបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកដែលកំពុងតែបាត់ខ្លួន និងបញ្ជូនស្បៀង ចំណីអាហារ ថ្នាំសង្កូវដើម្បីជួយដល់ពលរដ្ឋដែលកំពុងតែរងផលប៉ះពាល់ដោយសារព្យុះទីហ្វុងប៊ូឡូយវាយប្រហារ៕