បាងកក៖ ប្រទេសថៃរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរចិនប្រហែល ២០០,០០០ នាក់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសប្តាហ៍មាសរយៈពេលប្រាំបីថ្ងៃជាប់ៗគ្នាដល់ថ្ងៃទី ៨ ខែតុលា ក៏ប៉ុន្តែអ្វីដែលថៃរំពឹងទុកនោះប្រែខកបំណងវិញដោយសារតែភ្ញៀវទេសចិនដែលនាំគ្នាសម្រុកទៅលេងថៃបានធ្លាក់ចុះដល់ទៅ ២៤% ធៀបនឹងឆ្នាំមុន ។
យោងតាមកាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ប្រាក់ចំណូលពីទេសចរណ៍ក្នុងប្រទេសថៃបានធ្លាក់ចុះ ១៧% មកនៅត្រឹម ៩.១ ពាន់លានបាត ពី ១០.៩ ពាន់លានក្នុងឆ្នាំ ២០២៤ ដោយទេសចរចិនជាច្រើននាំគ្នាទៅលេង ម៉ាឡេស៊ី និងវៀតណាមវិញដោយសារតែក្តីបារម្ភពីសុវត្ថិភាពទៅលេងប្រទេសថៃ។ ក្នុងនោះទេសចរចិនបានសម្រុកទៅលេងទីក្រុងនានាដូចជាទីក្រុងហូជីមិញ គូឡាឡាំពួ ហាណូយ និងសិង្ហបុរី បានកត់ត្រាការកើនឡើងខ្ពស់ពីភ្ញៀវទេសចរចិន។
បើតាមមន្រ្តីជំនាញថៃការមកដល់នៃភ្ញៀវទេសចរចិនបានចាប់ផ្តើមនៅថ្ងៃទី ២៦ ខែកញ្ញា ហើយនឹងបន្តរហូតដល់ថ្ងៃទី ៨ ខែតុលា ប៉ុន្តែដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពទើបធ្វើឲ្យភ្ញៀវទេសចិនធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់កន្លងមក។
ប្រទេសម៉ាឡេស៊ីបានកត់ត្រាការមកដល់របស់ភ្ញៀវទេសចរចិនចំនួន ១.៨ លាននាក់ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ដោយសារតែការលើកលែងទិដ្ឋាការ។ភ្ញៀវចិនទៅកាន់ប្រទេសថៃភាគច្រើនស្នាក់នៅពី ៦ ទៅ ៨ យប់ និងចំណាយប្រហែល ៦,៦០០ បាតជារៀងរាល់ថ្ងៃ ជាមួយនឹងការកក់សំបុត្រយន្តហោះភាគច្រើនមានប្រភពមកពីទីក្រុងប៉េកាំង ក្វាងចូវ និងចេងទូ៕