681 ezgif.com resize
Swift cc time

កូរ៉េប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យឱ្យកាន់តែរឹងមាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ភារធារីនៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលកូរ៉េ ក្នុងការបន្តថែរក្សាព្រូនជុំចំណងមិត្តភាពជាមួយប្រទេសកម្ពុជា និងបានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិរវាងគ្នាទៅវិញទៅមក និងបង្កើតនូវវិបុលភាព និងសន្តិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងពិធីអបអរសាទរបុណ្យជាតិសាធារណរដ្ឋកូរ៉េ និងខួបលើកទី៧៧ ទិវាបុណ្យកងទ័ព ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនេះ លោក Kim Hyunsoo ភារធារីនៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលកូរ៉េ ក្នុងការបន្តថែរក្សាព្រូនជុំចំណងមិត្តភាពរវាងប្រទេសទាំងពីរដែលត្រូវបានតម្លើងកម្រិតជាដៃគូយុទ្ធសាស្រ្តកាលពីឆ្នាំ២០២៤ កន្លងមក ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិរវាងគ្នាទៅវិញទៅមក និងបង្កើតនូវវិបុលភាព និងសន្តិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ លោកភារធារី ក៏បានជម្រាបជូនអង្គពិធីពីលទ្ធផលគួរជាទីមោទនៈនៃការអនុវត្តការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដោយមានប្រជាជននៃប្រទេសទាំងពីរច្រើនជាង ២៤០.០០០នាក់ បានធ្វើដំណើរទៅមកកាលពីឆ្នាំ២០២៤។

ជាមួយគ្នានេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែផ្តល់កិច្ចសហការ និងគាំទ្រកម្ពុជាជានិច្ចក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចរបស់ខ្លួនរហូតមក ជាពិសេសលើការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការជំរុញលំហូរទេសចរ និងអ្នកធ្វើដំណើរនៃប្រទេសទាំងពីរ និងអន្តរជាតិ ការតភ្ជាប់ជើងហោះហើរត្រង់ ការវិនិយោគលើវិស័យទេសចរណ៍ពីសំណាក់វិនិយោគិនកូរ៉េនៅកម្ពុជា។

គួរបញ្ជាក់ថា កម្មវិធីដ៏ឱឡារិកនេះ មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិតសភាចារ្យ ហង្ស ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ, លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-កូរ៉េ, លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា, លោក Kim Hyunsoo ភារធារីនៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិពីផ្នែករដ្ឋ និងឯកជនប្រមាណជាង ២០០រូប៕


Khcct banner

អត្ថបទទាក់ទង