ភ្នំពេញ៖ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៥នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia នឹងភ្ជាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
បើតាមលោក ហួត ហាក់ ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ កម្ពុជានឹងទទួលបានជើងហោះហើរត្រង់ថ្មីមួយទៀតទៅទីក្រុងតូក្យូ ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia ខណៈបច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន ២៨ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមានចំនួន ៤ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកមានចំនួន ២៤។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានសម្ពោធជើងហោះហើរដំបូង ដែលត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកសចរណ៍ស៊ីវិល លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកអ្នកឧកញ៉ា ពុង ឃាវសែ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត ខណៈពិធីសម្ពោធជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនធំចុះចតបាន៕