ថៃ៖ ភ្លើងបានឆាបឆេះជាខ្លាំងកាលពីយប់ឈានចូលថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៥ ក្នុងខេត្តរ៉ាត់យ៉ងប្រទេសថៃដោយអគ្គិភ័យបានលេបត្របាក់ផ្ទះចំនួន៤ខ្នង បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ ក្នុងនោះមានក្មេងៗថៃចំនួន ៣នាក់ត្រូវបានភ្លើងឆាបឆេះយ៉ាងអាណោចអាធ័ម។ សាកសពជនរងគ្រោះថៃត្រូវបានគេដាក់តំរៀបគ្នាក្រោយពីភ្លើងបានឆេះសម្លាប់ផ្តាច់ជីវិតរបស់ជនរងគ្រោះទាំង ៧ នាក់។
យោងតាមកាសែតថៃភ្លើងបានឆាបឆេះជាខ្លាំងនៅវេលាម៉ោង២និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ មន្រ្តីជំនាញថៃបានរៀបរាប់ថាមានអគ្គិភ័យឆេះបំផ្លាញផ្ទះចំនួន៤ខ្នង ស្ថិតនៅផ្លូវ Soi Thang Phai 2 ក្នុងក្រុងរ៉ាត់យ៉ង។ តាមមន្រ្តីដដែលដំបូលឡើយគេសង្កេតឃើញមានអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងមុននឹងរាលដាលដល់ទៅ៣ខ្នងទៀតដោយកម្លាំងភ្លើងបានឆាបឆេះយ៉ាងលឿន និងបំផ្លាញផ្ទះក្បែរគ្នាត្រឹមរយៈពេលជាង២ម៉ោង ។
តាមប្រភពដដែលរថយន្តពន្លត់អគ្គីភ័យបានប្រើទឹកបាញ់ពន្លត់ភ្លើងដែលប្រើពេល៣០នាទីទើបរលត់ ក្រោយភ្លើងរលត់គេឃើញមានសាកសពមនុស្ស៧នាក់ត្រូវបានគេរកឃើញថាស្លាប់ក្នុងភ្លើងនោះមានមនុស្សពេញវ័យ៤នាក់និងក្មេង៣នាក់។ ចំណែកផ្ទះ៣ខ្នងទៀតរងការខូចខាតស្ទើរតែទាំងស្រុង ដោយមានជនរងគ្រោះ៣នាក់ទៀតរងរបួសដោយសារស្រូបផ្សែងហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យរ៉ាយ៉ង។
មន្រ្តីជំនាញថៃកំពុងតែបើកការស៊ើបអង្កេតស្វែងរកមូលហេតុនៃការឆេះ បច្ចុប្បន្នមន្រ្តីជំនាញសន្និដ្ឋានថាភ្លើងនេះឆេះឡើងដោយដាក់ការសង្ស័យថាឆ្លងចរន្តអគ្គិសនី៕