ទីក្រុងម៉ាឡាកា៖ កម្ពុជា-ម៉ាឡេស៊ី សហការរួមគ្នាជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងថែមទៀត ខណៈក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៥ ភ្ញៀវទេសចរម៉ាឡេស៊ីដែលបានមកកម្សាន្តនៅកម្ពុជាមានចំនួន ៦៦ ២៩៨ នាក់ កើនឡើង ៨,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ ការសហការនេះត្រូវបានបង្កើតឡើងក្នុងកិច្ចពិភាក្សាការងាររវាលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក YB DATO Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ ម៉ាឡេស៊ី នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។
នាឱកាសនេះ លោក ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោក YB DATO Sri Tiong King Sing ចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ប្រទេសម្ចាស់ផ្ទះចំពោះគណៈប្រតិភូកម្ពុជា។ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំទិវាទេសចរណ៍ពិភពលោក សន្និសិទទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ និងភាពជាអ្នកដឹកនាំរបស់លោក YB DATO Sri Tiong King Sing ដែលជាប្រធានកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានឆ្នាំ២០២៥ ដោយព្រឹត្តិការណ៍អន្តរជាតិទាំងបីនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពជោគជ័យ។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កាលពីថ្ងៃទីទី៣ ខែកញ្ញា ឆ្នាំ២០១៩។ នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន, ប្រធានស្ថាប័នជាតិទេសចរណ៍នៃប្រទេសទាំងពីរ ក៏បានរៀបចំកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី លើកទី១ ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នានេះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ជាមួយនឹងការអបអរសាទរចំពោះការដាក់ចេញយុទ្ធនាការ «ទស្សនាម៉ាឡេស៊ី ឆ្នាំ២០២៦» រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ មានជំនឿយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា និង ម៉ាឡេស៊ី នឹងកាន់តែលើកកម្ពស់បន្ថែមមួយកម្រិតទៀត ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា នៅឆ្នាំ២០២៤ ភ្ញៀវទេសចរម៉ាឡេស៊ី មកកម្ពុជា មានចំនួន ៩៤.២៦០នាក់ កើនឡើង ៧,៣%, ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៥, ភ្ញៀវទេសចរម៉ាឡេស៊ី មានចំនួន ៦៦.២៩៨នាក់ កើនឡើង ៨,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ នេះបើតាមក្រសួងទេសចរណ៍៕