681 ezgif.com resize
Swift cc time

កម្ពុជាស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines និងក្រុមហ៊ុនជាបុត្រសម្ព័ន្ធ បង្កើតនិងបង្កើនចំនួនជើងហោះហើរត្រង់ពីកូឡាឡាំពួមកភ្នំពេញ សៀមរាប និងព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ស្នើក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដូចជា Firefly ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងសម្ព័ន្ធអាកាសចរណ៍ម៉ាឡេស៊ី បង្កើនចំនួនជើងហោះហើរត្រង់ពី កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មកភ្នំពេញ និង បង្កើតជើងហោះហើរត្រង់ថ្មីពីកូឡាឡាំពួ មកកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ សំណើនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៅរាជធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានសុទិដ្ឋិនិយមថា ជាមួយនឹងសម្បទាតភ្ជាប់គ្រប់គ្រាន់របស់កម្ពុជា មានដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោប្រភេទខ្នាត 4F, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ, ទាំងអស់នេះគឺជាបច្ច័យវិជ្ជមានដែលចូលរួមជំរុញកំណើនភ្ញៀវទេសចរវាងប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិពីជុំវិញពិភពលោកដែលធ្វើដំណើរតាមរយៈប្រទេសម៉ាឡេស៊ី មកទស្សនាកម្ពុជា។

ក្នុងន័យនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងសម្ព័ន្ធអាកាសចរណ៍ម៉ាឡេស៊ី បង្កើនចំនួនជើងហោះហើរត្រង់ពី កូឡាឡាំពួ មកភ្នំពេញ និងបង្កើតជើងហោះហើរត្រង់ថ្មីពីកូឡាឡាំពួ មកកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

ក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នឹងជំរុញការធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជារួមគ្នាដើម្បីទាក់ទាញភ្ញៀវទេសចរម៉ាឡេស៊ី និងអន្តរជាតិមកកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines មានជើងហោះហើរត្រង់ទៅមក ភ្នំពេញ-កូឡាឡាំពួរ ចំនួន ៤ជើង ជារៀងរាល់ថ្ងៃ ។ ជាសមាជិករបស់ Oneworld Alliance ក្រុមហ៊ុនអាកាសចរណ៍នេះ មានជើងហោះហើរទៅគោលដៅជាង៩០០ ក្នុងតំបន់/ទីក្រុងចំនួន ១៧០ នៅទូទាំងពិភពលោក។ ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines, សម្ព័ន្ធអាកាសចរណ៍ម៉ាឡេស៊ី ក៏មានក្រុមហ៊ុនអាកាសចរណ៍ Firefly ផងដែរ ដែលធ្វើប្រតិបត្តិការហោះហើរនៅក្នុងស្រុក និងនៅក្នុងតំបន់អាស៊ាន៕


Khcct banner

អត្ថបទទាក់ទង