ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៩ កញ្ញា បានផ្ញើសារលិខិតអបអរសាទរ ជូន លោក លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ក្នុងសារលិខិតនោះ មេដឹកនាំកម្ពុជាបន្តប្តេជ្ញាមុតមាំចំពោះចំណងមិត្តភាពដែកថែបដែលកម្ពុជាមានជាមួយចិន។
យោងតាមសារលិខិតនោះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការសាទរជាមួយ នាយករដ្ឋមន្ត្រីចិន និងប្រជាជនចិន ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និង មានវាយតម្លៃថា ក្រោមការដឹកនាំដោយបក្សកុម្មុយនិស្តចិន នាំឱ្យប្រទេសចិនស្គាល់នូវការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច សង្គម និងកំពុងធ្វើដំណើរលើផ្លូវទៅសម្រេចគោលដៅ ១០០ឆ្នាំលើកទី២ នៅឆ្នាំ២០៤៩ ក្នុងពេលដែលចិនកំពុងដើរតួនាទីសំខាន់ និងកាន់តែលេចធ្លោ នៅក្នុងតំបន់ និងអន្តរជាតិ។
ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែបដែលកម្ពុជាកំពុងមានជាមួយចិន និងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជំរុញឱ្យសម្រេចបានគោលដៅនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាល ក្នុងយុគសម័យថ្មី។