681 ezgif.com resize
Swift cc time

នាយករដ្ឋមន្រ្តីថៃលោក Anutin រងការសង្ស័យថាមានទំនាក់ទំនងសម្ងាត់ជាមួយសម្តេច ហ៊ុន សែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul 

បាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul នៅថ្ងៃទី៣០ ខែកញ្ញានេះ បានប្រកាសបដិសេធថារូបលោកមិនមានទំនាក់ទំនងសម្ងត់ណាមួយជាមួយបុរសខ្លាំងកម្ពុជាសម្តេច ហ៊ុន សែន នោះទេ។ការចេញមុខបដិសេធនេះ គឺធ្វើឡើងក្រោយពីសមាជិកសភាថៃបានថ្លែងចោទលោក ពេលបានកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ស្របគ្នានឹងការលើកឡើងរបស់សម្តេច ហ៊ុន សែន ដែលថាប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរយៈពេល៣ខែ។

ក្នុងកិច្ចប្រជុំសភាថៃនៅថ្ងៃនេះ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnviraku បានរងការចោទចំៗពីសមាជិកសភាបក្សភឿថៃ ដែលបានចោទលោកមានទំនាក់ទំនងសម្ងាត់ជាមួយបុរសខ្លាំងកម្ពុជា ពោលគឺសម្តេច ហ៊ុន សែន។ការចោទនេះ ដោយសំអាងថា លោក Anutin បានឡើងកាន់តំណែងជាបន្តបន្ទាប់រហូតបានក្លាយជានាយករដ្ឋមន្ត្រីថៃ ហើយដូចអ្វីដែលការថ្លែងរបស់សម្តេច ហ៊ុន សែន ថា រយៈពេល៣ខែទៀត ប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី។

យោងតាមការផ្សាយរបស់កាសែតថៃ The Nation នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីថៃ លោក Anutin បានថ្លែងបដិសេធថា មិនដែលមានទំនាក់ទំនងជាមួយសម្តេច ហ៊ុន សែននោះទេ ហើយលោកទើបបានជួបសម្ដេចអំឡុងពេលលោកអមដំណើរលោកស្រី ផែ ថងថាន អតីតនាយករដ្ឋមន្រ្តីថៃ មកកម្ពុជា កាលពីខែមេសា ប៉ុណ្ណោះ។បន្ថែមលើកពីនេះ លោក Anutin បញ្ជាក់ថា លោក​មិនដែល​ពិភាក្សា​អំពី​ភាព​តានតឹង​នៅតាម​ព្រំដែន​ជាមួយ​ភាគី​កម្ពុជា​ឡើយ​។

គួរបញ្ជាក់ថា សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ បានព្យាករណ៍ថា ទីក្រុងបាងកក នឹងមានការផ្លាស់ប្ដូរនាយករដ្ឋមន្រ្តីថ្មី ហើយបើតាម ស្ថានការណ៍អាចមិនដល់៣ខែផង។ប៉ន្តែត្រឹមតែ២ខែ និង៣ថ្ងៃប៉ុណ្ណោះ តុលាការធម្មនុញ្ញថៃ បានប្រកាសដកហូតតំណែងនាយករដ្ឋមន្រ្តី ពីលោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីពៅរបស់លោក Thaksin Shinawatra ជាផ្លូវការ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។

ការព្យាករណ៍របស់សម្តេច ហ៊ុន សែននេះ ត្រូវបានសារព័ត៌មានថៃភ្ញាក់ផ្អើល និង បានចាត់ទុកថា ជាការព្យាករដ៏ល្អឥតខ្ចោះរបស់សម្តេច ហ៊ុន សែន និងបានផ្សាយឡើងវិញពីប្រសាសន៍សម្តេច កាលពីខែមិថុនាដែលថា ប្រទេសថៃអាចនឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងពេលយ៉ាងហោច៣ខែ ហើយការព្យាករនេះបានក្លាយជាការពិត៕

Khcct banner

អត្ថបទទាក់ទង