681 ezgif.com resize
Swift cc time

សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ានចាប់អារម្មណ៍លើសក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ទីក្រុងម៉ាឡាកា៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ានចាប់អារម្មណ៍លើសក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យទេសចរណ៍ និងបានឯកភាពក្នុងការនាំសមាជិករបស់ខ្លួនមួយចំនួន មកទស្សនកិច្ចការងារនៅកម្ពុជានាពេលខាងមុខ ដើម្បីចាប់យកឱកាសវិនិយោគថ្មីៗនៅកម្ពុជានា។ នេះជាការលើកឡើងរបស់លោក DATO Sohaimi Shahadan ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន ក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៥។

នៅក្នុងជំនួបនេះ វិស័យឯកជនកម្ពុជាក្នុងឧស្សាហកម្មទេសចរណ៍ និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ាន បានចែករំលែកអំពីគំនិតផ្តួចផ្តើមដែលជាធាតុចូលមានសារៈសំខាន់នៅក្នុងការពង្រឹងទេសចរណ៍មូស្លីម និងឱកាសវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា។

រដដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងអំពីកត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងបរិយាកាសអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន ជាពិសេសការវិនិយោគផ្ទាល់ពីបរទេស។

ជាលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបនេះ, ក្រោមការសម្របសម្រួលពីក្រសួងទេសចរណ៍, សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានឯកភាពក្នុងការនាំសមាជិករបស់ខ្លួនពី ៥០ ទៅ ១០០ក្រុមហ៊ុនដែលប្រកបរបរអាជីវកម្មលើវិស័យទេសចរណ៍ មានដូចជា សណ្ឋាគារ ភោជនីយដ្ឋាន បច្ចេកវិទ្យា ការបង្ហាញម៉ូត និងសេវាកម្មផ្សេងៗទៀត ទៅទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។

ជាមួយគ្នានេះសមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា នឹងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ាន ដើម្បីជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍បន្ថែមទៀត៕


Khcct banner

អត្ថបទទាក់ទង