681 ezgif.com resize
Swift cc time

កម្ពុជា-អាម៉េរិក បន្តរឹតបន្តឹងចំណងសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសេដ្ឋកិច្ច)

ភ្នំពេញ៖ ប្រធានគណៈប្រតិភូនៃសភាសហអាម៉េរិក បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិក និងកម្ពុជា នឹងបន្តរឹតបន្ដឹងចំណងសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈការបន្តដោះស្រាយ និងរក្សាឱ្យបាននូវស្ថិរភាពនៃការអនុវត្តពន្ធគយបដិការ ដើម្បីបន្តជំរុញពាណិជ្ជកម្ម និងវិនិយោគ ការធ្វើបដិវត្តកម្មឌីជីថល និងការលើកកម្ពស់បរិយាកាសធុរកិច្ច។ ការគូសបញ្ជាក់នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ លើកិច្ចព្រមព្រៀងពន្ធគយបដិការរវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងកិច្ចខិតខំប្រឹងប្រែងរបស់លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ។

ក្នុងនោះផងដែរ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានគូសបង្ហាញអំពីសារសំខាន់ នៃការចូលរួមរបស់សហរដ្ឋអាម៉េរិកក្នុងនាមជាដៃគូពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យ រួមមាន វិស័យកាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ, វិស័យសុខាភិបាល, វិស័យហិរញ្ញវត្ថុ និងវិស័យបដិសណ្ឋារកិច្ចជាដើម ។ លោកក៏បានស្នើឱ្យសហរដ្ឋអាម៉េរិកបន្តផ្តល់នូវជំនួយបច្ចេកទេស ជាពិសេសលើការអភិវឌ្ឍវិស័យអប់រំ, ការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងសុខាភិបាលជាដើម។

ជាមួយគ្នានេះ ប្រធានគណៈប្រតិភូ ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានគូសបង្ហាញថាសហរដ្ឋអាម៉េរិក និងកម្ពុជា នឹងបន្តរឹតបន្ដឹងចំណងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបន្តដោះស្រាយ និងរក្សាឱ្យបាននូវស្ថិរភាពនៃការអនុវត្តពន្ធគយបដិកា ដើម្បីបន្តជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការធ្វើបរិវត្តកម្មឌីជីថល, និងការលើកកម្ពស់បរិយាកាសធុរកិច្ច, ព្រមទាំងការចូលរួមសហការទប់ស្កាត់ និងបង្ក្រាបលើបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ សំដៅដល់ការកសាងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ភាពធន់ បរិយាប័ន្ន និងសមធម៌៕


Khcct banner

អត្ថបទទាក់ទង