681 ezgif.com resize
Swift cc time

កម្ពុជាស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន JAL បង្កើតជើងហោះហើរត្រង់ និងផ្ទាល់ពីប្រទេសជប៉ុនមកកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ទីក្រុងណាហ្គូយ៉ា៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) ពិនិត្យលទ្ធភាពហោះហើរត្រង់ និងផ្ទាល់ពីប្រទេសជប៉ុនមកកម្ពុជា។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥។

ក្នុងឱកាសនៃជំនួបនោះ លោក ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំមួយនេះដែលបានហោះហើរចំនួន ២២០គោលដៅនៅប្រទេស ចំនួន៣៥ ជុំវិញពិភពលោករហូតមក តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរទាំងជប៉ុន និងអន្តរជាតិមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាបក្នុងចំនួនគួរឱ្យមោទនៈ ក្រោមទម្រង់ Codeshares ជាមួយក្រុមហ៊ុនអាកាសចរណ៍ដៃគូរបស់ខ្លួន។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ពិនិត្យលទ្ធភាពហោះហើរផ្ទាល់ និងត្រង់មកកម្ពុជាតែម្តង ដោយផ្អែកលើសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព សុខសុវត្ថិភាពទេសចរណ៍ ចំនួនអ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិដែលកើនឡើងជាបន្តបន្ទាប់ ព្រមទាំងវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F ដែលពិតជាជួយបង្កើនចំនួនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិទៅមករវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើង៕


Khcct banner

អត្ថបទទាក់ទង