អាម៉េរិក៖ អតីតទាហានជើងទឹកអាម៉េរិកលោក Thomas Jacob Sanford វ័យ ៤០ឆ្នាំបានបើកការបាញ់ប្រហារយ៉ាងកំរោលសម្លាប់មនុស្សប្រមាណ ៤នាក់ និងបណ្តាលឲ្យមានអ្នករបួស ៨នាក់នៅក្នុងព្រះវិហារមរមនក្នុងរដ្ឋមីឈីហ្គែនកាលពីរសៀលថ្ងៃទី ២៨ ខែ កញ្ញា។ មុនបើកការបាញ់ប្រហារជនសង្ស័យ Thomas Jacob Sanford បានដុតបំផ្លាញព្រះវិហារមរមនបណ្តាលឲ្យឆាបឆេះជាខ្លាំងមិនធ្លាប់មាន នឹងរងការខូចខាតស្ទើតែទាំងស្រុង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកជនសង្ស័យបានបើករថយន្តបុកទ្វារខាងមុខព្រះវិហារមរមនក្នុងរដ្ឋមីឈីហ្គែន នឹងបានបើកការបាញ់ប្រហារដោយកាំភ្លើងវែង ហើយបានដុតបំផ្លាញព្រះវិហារ ដោយបានសម្លាប់មនុស្សយ៉ាងតិច៤នាក់ និងរបួសយ៉ាងតិច៨នាក់ទៀត មុនពេលត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារជាមួយប៉ូលិស។
ប៉ូលីសក្នុងតំបន់បានបញ្ជាក់ថាជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះថា Thomas Jacob Sanford អាយុ ៤០ ឆ្នាំ ជាអតីតទាហានម៉ារីនសហរដ្ឋអាម៉េរិកមកពីទីក្រុង Burton ក្បែរកន្លែងកើតហេតុ ប៉ូលីសបន្តទៀតថាជនរងគ្រោះពីរនាក់ក្នុងចំណោមជនរងគ្រោះដោយការបាញ់ប្រហារបានស្លាប់ និង ៨ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់ប្រហារ ប៉ូលីសបានរាយការណ៍ថាបានរកឃើញសាកសពយ៉ាងហោចណាស់ពីរបន្ថែមទៀតនៅក្នុងព្រះវិហារដូចច្នេះបណ្តាលឲ្យអ្នកស្លាប់សរុបកើនដល់ ៤នាក់។
ក្រុមអ្នកស៊ើបអង្កេតកំពុងបន្តស្វែងរកផ្ទះ និងកំណត់ត្រាទូរស័ព្ទរបស់ឃាតករដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការបាញ់ប្រហារមួយនេះ៕