មណ្ឌលគិរី៖ ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ១.៨៥០គ្រួសារ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់ទឹកជំនន់លិច ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះចំនួន ១.៨៥០គ្រួសារ រស់នៅខេត្តចំនួនពីរនៃភាគឦសានប្រទេសកម្ពុជា គឺខេត្តមណ្ឌលគិរីចំនួន ៩៥០គ្រួសារ និងខេត្តរតនគិរីចំនួន ៩០០គ្រួសារ។ គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។
ក្នុងខេត្តតមណ្ឌលគិរី អំណោយចែកទៅកាន់៣ទីតាំង រួមមាន៖ វិទ្យាល័យ ហ៊ុនសែន កោះញែក ៥០១គ្រួសារ មកពីឃុំស្រែសង្គម ឃុំស្រែហ៊ុយ និងឃុំរយ៉, អនុវិទ្យាល័យសុខសាន្ត ២៩០គ្រួសារ មកពី ឃុំអបួនលើ និងឃុំសុខសាន្ត, អនុវិទ្យាល័យមេម៉ង់ ១៥៩គ្រួសារ មកពីឃុំមេម៉ង់ ស្រុកកែវសីមា។
ដោយឡែកខេត្តរតនគិរី ចំនួន ៩០០គ្រួសារ ដែលធ្វើឡើងនៅទីតាំងចំនួន ២កន្លែងគឺ៖ ទីតាំងទី១ នៅលើទីទួលសុវត្ថិភាពក្នុងភូមិលំផាត់ ឃុំជ័យឧត្តម សម្រាប់ប្រជាជនរងគ្រោះចំនួន ៥០០គ្រួសារ មកពីឃុំចំនួន៣ គឺឃុំកាឡែង ឃុំជ័យឧត្តម និងឃុំសេដា នៃស្រុកលំផាត់។ ទីតាំងទី២ នៅក្នុងបរិវេណសាលាបឋមសិក្សាស្រែពកតូច ស្ថិតក្នុងភូមិស្រែពកតូច ឃុំសិរីមង្គល សម្រាប់ប្រជាជនរងគ្រោះចំនួន ៤០០គ្រួសារ មកពីឃុំចំនួន៥ គឺ ឃុំសរមង្គល ឃុំស្រែអង្ក្រង ឃុំតាអង ឃុំត្រពាំងច្រេស និងឃុំត្រពាំងក្រហម នៃស្រុកកូនមុំ៕