ភ្នំពេញ៖ ឥទ្ធិពលព្យុះទី១៨ “ឃ្វាហ្គាសា” កាលពីថ្ងៃទី២៣ កញ្ញា បានបង្ខំឱ្យព្រលានយន្តហោះអន្តរជាតិនៃហុងកុងរបស់ប្រទេសចិន ជួបនូវបញ្ហា និងពន្យាពេលហោះហើរ។ ក្រោមសំណើបន្ទាន់របស់រដ្ឋបាលពិសេសក្រុងហុងកុង ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific សម្រេចចិនបញ្ជូនយន្តហោះចំនួន ១៣ គ្រឿង មកចុះចតនៅ«អាកាសយានដ្ឋានអន្តរជាតិតេជោ»លំដាប់ 4Fរបស់ប្រទេសកម្ពុជា ដើម្បីជៀសពីខ្សល់ព្យុះដ៏អាក្រក់។ការចុះចតនេះ គឺជាលើកដំបូងដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ដើរតួរនាទីទទួលយន្តហោះអន្តរជាតិច្រើនគ្រឿងក្នុងពេលតែមួយ ដើម្បីជាជំរកយន្តហោះអន្តរជាតិ ជៀសពីអាកាសធាតុអាក្រក់ ក្រោយពីប្រកាសបើកប្រតិបត្តិការនៅថ្ងៃទី ៩ កញ្ញា ឆ្នាំ២០២៥ ហើយជាការបង្ហាញថាកម្ពុជា កំពុងក្លាយជាទីតាំងកណ្កាល នៃវិស័យអាកាសចរណ៍ក្នុងតំបន់។
ដូចការគ្រោងទុក ការចុះចតគេពីព្យុះរបស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានចាប់ផ្តើមពីថ្ងៃទី ២៣ កញ្ញា ដល់ថ្ងៃទី ២៥ កញ្ញា ដោយចាប់ផ្តើមចុះចតតាំងពីម៉ោង ៩ព្រឹកថ្ងៃទី ២៣ កញ្ញា ដោយប្រើពេលប្រហែល៣០ នាទី ចុះចតម្តងមួយៗ ប្រកបដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់។ព្រលានយន្តហោះតេជោ កសាងតាមស្តង់ដារអង្គការអាកាសចរណ៍អន្តរជាតិ (ICAO) ថ្នាក់ខ្ពស់បំផុត4F អាចទទួលយន្តហោះធំៗបានគ្រប់ប្រភេទ ហើយឆ្លើយតបតាមតម្រូវការរបស់អាកាសចរណ៍អន្តរជាតិ។
ការជ្រើសរើសអាកាសយានដ្ឋានអន្តរជាតិតេជោ ជាទីតាំងចុះចតបន្ទាន់ និង ជំរកការពារខ្សល់ព្យុះដ៏អាក្រក់ ត្រូវបានចាត់ទុកថា ជាការទទួលស្គាល់ខ្ពស់ ចំពោះសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ និង ការគ្រប់គ្រងរបស់អាកាសយានដ្ឋានថ្មីនេះ។
លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផតអ៉ិនវេសមិន ឯ.ក (CAIC) បានមានប្រសាសន៍ថា៖ «អាកាសយានដ្ឋានអន្តរជាតិតេជោ មានកិត្តិយសយ៉ាងខ្លាំងដែលក្លាយជាកន្លែងជំរករបស់យន្តហោះអន្តរជាតិ សំរាប់គេចពីព្យុះ។នេះមិនត្រឹមជាការជឿទុកចិត្តទេ តែជាការទទួលខុសត្រូវផងដែរ។អនាគត អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបន្តរក្សាគោលការណ៍ “សេវាកម្មល្អជាចំបង” ដើម្បីផ្តល់សេវាកម្មមានគុណភាព និងប្រសិទ្ធភាពដល់អាកាសចរណ៍ទូទាំងពិភពលោក។ អាកាសយានដ្ឋានតេជោ នឹងក្លាយជាស្ពានតភ្ជាប់កម្ពុជានិងពិភពលោកយ៉ាងពិតប្រាកដ។»
លោកអ្នកឧកញ៉ា ពុង ឃាវសែ បានបន្ថែមថា ការចុះចតបន្ទាន់របស់យន្តហោះ Cathay Pacific ចំនួន ១៣ គ្រឿង នៅលើកនេះ គឺជាសារមួយដ៏សំខាន់បង្ហាញថា អាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងផ្លាស់ប្តូរទៅជាអាកាសយានដ្ឋានមួយក្នុងតំបន់ ដោយបង្ហាញសមត្ថភាពខ្ពស់ទាំងសុវត្ថិភាព ការរៀបចំ និងការសហការអន្តរជាតិ៕