681 ezgif.com resize
Swift cc time

ពលរដ្ឋជាង ៧ពាន់គ្រួសារ ក្នុងខេត្តទាំង៨របស់កម្ពុជា រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

គិតត្រឹមថ្ងៃទី២៥កញ្ញានេះ ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ខេត្តចំនួន៨ រួមមាន កំពង់ធំ, ព្រៃវែង,បន្ទាយមានជ័យ, រតនៈគិរី, មណ្ឌលគិរី, ស្ទឹងត្រែង, ក្រចេះ និងសៀមរាប។ គិតសរុបផលប៉ះពាល់មានស្រុកក្នុងខេត្តទាំង៨ មាន២៥ស្រុក ស្មើ ៧៧ឃុំ ប៉ះពាល់ ៧៥០០គ្រួសារ និងជម្លៀស ៥គ្រួសារទៅទីទួលសុវត្ថិភាព ប៉ះពាល់ផ្ទះ ៤៥៥១ខ្នង ប៉ះពាល់ដំណាំស្រូវចំនួនជាង ៥ពាន់ហិចតា និងដំណាំរួមផ្សំជាង ១៨០០ហិចតា បាក់ច្រាំង ២កន្លែងស្មើ ៨៦៥ម៉ែត្រ។ នេះជាទិន្នន័យបឋមទទួលបានពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ ប្រទេសកម្ពុជាបានរងឥទ្ធិពលព្យុះ មានភ្លៀងធ្លាក់ ជាច្រើនរាយប៉ាយនៅទូទាំងប្រទេសពីបរិមាណបង្គួរទៅច្រើន បានបង្កឲ្យមានជំនន់ទឹកភ្លៀងនៅតាមខេត្តមួយចំនួន គិតមកដល់ថ្ងៃទី២៥ កញ្ញានេះ។ ករណីជំនន់ទឹកភ្លៀងនេះ មិនបានប៉ះពាល់អាយុជីវិតរបស់ពលរដ្ឋ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានអន្តរាគមន៍ទាន់ពេលវេលាត្រៀម បានជូនដំណឹងនិងបានត្រៀមលក្ខណៈរួចរាល់។

លោក សុទ្ធ គឹមកុលមុនី បានបន្តថា ចំពោះមុខនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការអំពាវនាវទៅដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកភ្លៀងដែលអាចនឹងបន្តទៀតតាមការជូនដំណឹងរបស់ក្រសួងជំនាញថានឹងអាចមានភ្លៀងបន្តទៀត ដូច្នេះមានការត្រៀមបង្ការ ត្រៀមលក្ខណៈអន្តរាគមន៍ជំនាន់ទឹកភ្លៀងនេះជាការចាំបាច់ដែលត្រូវយកចិត្តទុកដាក់។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានបញ្ជាក់ថា ទាក់ទងនឹងស្ថានភាពនៃផលប៉ះពាល់គឺមិនមានលក្ខណៈធ្ងន់ធ្ងរនោះទេ គឺលិចតែតំបន់ទឹកឆ្លងកាត់មានរយៈពេលខ្លី ដូច្នេះផលប៉ះពាល់ជារួមមិនមានលក្ខណៈធ្ងន់ធ្ងរទេ អាជ្ញាធរាក៏ដូចជាប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធបានចូលរួមអន្តរាគមន៍ និងឆ្លើយតបបានមានប្រសិទ្ធភាព៕

Khcct banner

អត្ថបទទាក់ទង