681 ezgif.com resize
Swift cc time

ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានជិត១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៨ខែឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា-សីហា ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ១០,៩៦ ពាន់លានដុល្លារ កើនឡើង ៤,៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ ក្នុងរយៈពេល៨ខែឆ្នាំ២០២៥ កម្ពុជាសម្រេចការនាំចេញទៅប្រទេសក្នុងតំបន់ក្នុងទឹកប្រាក់ប្រមាណ ៣,៩៨ ពាន់លានដុល្លារ កើនឡើង ១៦,១៨% និងនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ៦,៩៨ ពាន់លានដុល្លារ ធ្លាក់ចុះ ១,១៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

របាយការណ៍បញ្ជាក់ថា ទីផ្សារសំខាន់ៗទាំង៥ដែលកម្ពុជានាំចេញទៅអាស៊ានច្រើនជាងគេមានដូចជា៖ វៀតណាម ២,៧៤ ពាន់លានដុល្លារ កើនឡើង ១១,៤៧% ; ថៃ ៥៣៤ លានដុល្លារ ធ្លាក់ចុះ ៦,៤% ; សិង្ហបុរី ៥១២ លានដុល្លារ កើនឡើង ១៧២%; ម៉ាឡេស៊ី ៨៨,៣៣ លានដុល្លារ កើនឡើង ១,៤៧%; ឥណ្ឌូនេស៊ី ៤៦,៧៨ ធ្លាក់ចុះ ៣២,៩៦%; និងហ្វីលីពីន ៣៧,៧៧ លានដុល្លារ កើនឡើង ១៩,៦៥%។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕

Khcct banner

អត្ថបទទាក់ទង