កូរ៉េ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយមន្ទីរពេទ្យ Soon Chun Hyang នឹងរៀបចំកម្មវិធី “ពិនិត្យសុខភាពដោយឥតគិតថ្លៃជូនដល់ បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរនៅកូរ៉េ” នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៥ រួមមាន ពិនិត្យបេះដូង សុខភាពឆ្អឹង សួត រោគស្ត្រី ស្ត្រីមានផ្ទៃពោះ និងសុខភាពផ្លូវចិត្តជាដើម។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានប្រកាសជូនពលករ និង ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងរស់នៅក្នុងក្រុងភូមិ និងតំបន់ជិតខាង ដូចជាតំបន់ឆាងវ៉ុន តំបន់គីមជូន តំបន់ផូហាំង និងតំបន់ថេគូ ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយមន្ទីរពេទ្យ Soon Chun Hyang នឹងរៀបចំកម្មវិធី “ពិនិត្យសុខភាពដោយឥតគិតថ្លៃជូនដល់ បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរនៅកូរ៉េ” នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០ ព្រឹក ដល់ ១៧:០០ នៅមន្ទីរពេទ្យ Soon Chun Hyang។
ក្រុមការងារគ្រូពេទ្យឯកទេស នឹងធ្វើការពិនិត្យសុខភាពជូន មានដូចជា៖ (១) ពិនិត្យបេះដូង (២) ធ្វើតេស្តទឹកនោម និងឈាម (កម្រិតគ្រាប់ឈាម ជាតិស្ករ និងថ្លើម) (៣) ពិនិត្យសុខភាពឆ្អឹង (កម្រិតរឹងមាំនៃដង់ស៊ីតេឆ្អឹង) (៤) ថតឆ្លុះសួតដោយប្រើកាំរស្មីអ៊ិច (X-RAY) និង (៥) ពិនិត្យរោគស្ត្រី និងស្ត្រីមានផ្ទៃពោះ (Ultrasound) ព្រមទាំងផ្តល់ការប្រឹក្សា និងអប់រំសុខភាពផ្លូវចិត្ត ដើម្បីជួយលើក កម្ពស់សុខុមាលភាពដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ។ ក្រោយពិនិត្យរួច ក្រុមការងារគ្រូពេទ្យ កំនឹងផ្តល់ថ្នាំជូន បងប្អូនផងដែរ៕