ភ្នំពេញ៖លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក IWAYA Takeshi រដ្ឋមន្ត្រីការបរទេសជប៉ុន អំឡុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
ក្នុងជំនួបនោះលោក IWAYA Takeshi បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជា ដោយសារការប៉ះទង្គិចរវាងយោធាកម្ពុជា និងថៃ។លោកសម្តែងនូវក្តីសង្ឈឹមថា ប្រទេសទាំងពីរនឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធីតាមរយៈការសន្ទនា និង បញ្ជាក់ថាប្រទេសជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹង។នេះបើយោងតាមការផ្សព្វផ្សាយពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
ក្នុងជំនួបនោះ រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចរវាងជប៉ុន និង កម្ពុជា និងបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ ដែលរួមចំណែកដល់ការលើកកម្ពស់ការវិនិយោគឯកជន និងការអភិវឌ្ឍឧស្សាហកម្ម ដូចជា “កញ្ចប់សហបង្កើតសេដ្ឋកិច្ច”, ការអភិវឌ្ឍកំពង់ផែព្រះសីហនុ, កិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល និងការអភិវឌ្ឍបណ្តាញទូរគមនាគមន៍ស្នូលរួមមានប្រព័ន្ធ 5G ជាដើម។
រដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាបន្តសហការលើបញ្ហាក្នុងតំបន់ រួមមានសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង និងគោលនយោបាយចំពោះកូរ៉េខាងជើង ក៏ដូចជាបញ្ហានុយក្លេអ៊ែរ និងមីស៊ីល និងបញ្ហាចាប់ពង្រត់ផងដែរ៕