681 ezgif.com resize
Swift cc time

ក្រសួងការពារជាតិកម្ពុជា បដិសេធការចោទរបស់យោធាថៃថា កម្ពុជាធ្វើសកម្មភាពរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោកស្រី ម៉ាលី​ សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នារសៀលថ្ងៃទី ២៥ កញ្ញា ២០២៥ នេះ ច្រានចោលនូវព័ត៌មានដែលថៃបានលើកឡើងថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២”។ ក្រសួងការពារជាតិ បានស្រាយបំភ្លឺថា៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។

យោងតាមក្រសួងការពារជាតិ បានឱ្យដឹងថា កងកម្លាំងរបស់កម្ពុជា នាព្រឹកថ្ងៃទី ២៥ កញ្ញា ២០២៥ នេះ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។

លោកស្រី ម៉ាលី​ សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នារសៀលថ្ងៃទី ២៥ កញ្ញា ២០២៥ នេះ បានបំភ្លឺថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់សារព័ត៌មានថៃ និងគេហទំព័រផ្លូវការរបស់កងទ័ពជើងគោកថៃដែលបានលើកឡើងនោះឡើយ។

បើតាមការបញ្ជាក់ពីកងកម្លាំងរបស់កម្ពុជា ដែលឈរជើងនៅជួរមុខ រាយការណ៍មកកាន់ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានការផ្ទុះការបាញ់កាំភ្លើងនៅភាគីថៃ១គ្រាប់ចំនួន៤ដង នាវេលាម៉ោងផ្សេងៗគ្នា គឺ មួយគ្រាប់ នៅរំលងអធ្រាត្រ នៅវេលាម៉ោង ២:៥៧នាទីព្រឹក, នៅវេលាម៉ោង ៥:០០នាទីព្រឹក ចំនួនមួយគ្រាប់, នៅវេលាម៉ោង ៦:០០នាទីព្រឹក ចំនួនមួយគ្រាប់, នៅវេលាម៉ោង ៧:០០នាទីព្រឹក ចំនួនមួយគ្រាប់។

បន្ថែមពីនេះ លោកស្រីបានលើកឡើងថា កម្ពុជានៅតែបន្តរក្សានូវគោលជំហរគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់៕

Khcct banner

អត្ថបទទាក់ទង