681 ezgif.com resize
Swift cc time

កម្ពុជា និងប្រទេសឡេតូនី ប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំនិងររីកចម្រើនដល់កម្រិតថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡេតូនីបានលើកឡើងថា កម្ពុជា និងសាធារណរដ្ឋឡេតូនីប្តេជ្ញាចិត្តលើការធ្វើឱ្យចំណងសភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររីកចម្រើនដល់កម្រិតថ្មីដើម្បីបម្រើដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងឱកាសលោក ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញានិងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឡេតូនី ( Latvia) អញ្ជើញប្រគល់ព្រះរាជសារតាំង របស់ព្រះមហាក្សត្រកម្ពុជា ដែលតែងតាំងលោកជាឯកអគ្គរដ្ឋទូត ជូនចំពោះលោក Edgars Rinkēvičs ប្រធានាធិបតីសាធារណរដ្ឋឡេតូនី នៅទីក្រុងរីហ្គា កាលពី ថ្ងៃទី១៩ កញ្ញា ២០២៥។

លោក ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសន៍ថា ជំនួបជាផ្លូវការនេះ បង្ហាញអំពីឆន្ទៈនៃការកសាងភាពជាដៃគូនិងសហប្រតិបត្តិការកាន់តែរឹងមាំនាពេលនេះនិងតៅអនាគតរុងរឿងរបស់ប្រទេសយើងទាំងពីរ (កម្ពុជា -ឡេតូនី)។ លោកបញ្ជាក់ថា កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋឡេតូនី នៅលើវិស័យសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់អភិវឌ្ឍន៍ជាសកល និងទាក់ទាញផលប្រយោជន៍រួមសម្រាប់ប្រជាជនទាំងពីរប្រទេស។ វិស័យសំខាន់ៗទាំងនោះរួមមាន ៖ កិច្ចសហប្រតិបត្តិការផ្នែក ពាណិជ្ជកម្ម , កិច្ចសហប្រតិបត្តិការផ្នែក ទេសចរណ៍ និងវប្បធម៌, កិច្ចសហប្រតិបត្តិការផ្នែក អប់រំ និងបច្ចេកវិជ្ជា, កិច្ចសហការនៅក្នុង វិស័យព័ត៌មាន,កិច្ចការការបរទេសជាដើម។

ក្នុងឱកាសនោះ លោក ជា ច័ន្ទបរិបូរណ៍ បានលើកឡើងចំពោះសភាពការណ៍ព្រំដែនកម្ពុជា-ថៃឯកអគ្គរាជទូតកម្ពុជាបញ្ជាក់ជូនដល់ប្រធានាធិបតី សាធារណរដ្ឋឡេតូនីថា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ មាគ៌ាដ៏សមស្រប និងស៊ីវិល័យបំផុតក្នុងការដោះស្រាយគឺតាមរយៈដំណើរការផ្លូវច្បាប់នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលធានាបាននូវដំណោះស្រាយដោយសន្តិវិធី ដើម្បីភាពរុងរឿងនៃមនុស្សជំនាន់ក្រោយ សង្គ្រាមមិនមែនជា ជម្រើសរបស់កម្ពុជាឡើយ។

កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់និងអនុវត្តន៍យ៉ាងស្មោះត្រង់ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨កក្កដា២០២៥នៅប្រទេសម៉ាឡេស៊ី។ ក៏ប៉ុន្តែ ភាគីថៃមិនបានគោរពឡើយ ដោយបន្តធ្វើទុកបុកម្នេញ ព័ទ្ធរបងលួសបន្លា រំលោភអធិបតេយ្យភាពកម្ពុជា និងរំលោភលើជនស៊ីវិលជាច្រើនករណី៕

Khcct banner

អត្ថបទទាក់ទង