681 ezgif.com resize
Swift cc time

ក្រុមហ៊ុន GAC International ផ្តល់សិទ្ធិផ្តាច់មុខជូនក្រុមហ៊ុន THAM ក្នុងការដំទ្បើងរថយន្ត GAC នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន TH Automotive Manufacturing (THAM) ទទួលបានអាជ្ញាបណ្ណដំណើរការរោងចក្រដំឡើងរថយន្ត និងចុះហត្ថលេខាទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន GAC International ក្នុងការដំទ្បើងរថយន្ត GAC នៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើនារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Yu Jun អនុប្រធានក្រុមហ៊ុន Guangzhou Automobile Group Co., Ltd. លោក ណង តុង អគ្គនាយកក្រុមហ៊ុន TH Group, លោក ណម ហាវ នាយកប្រតិបត្តិជាន់ខ្ពស់ TH Group ក៏ដូចជាមានការអញ្ជើញចូលរួមពីសិល្បករ សិល្បការនី Influencer Content Creator ជាច្រើននាក់។

នាឱកាសនេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ការបង្កើតនូវសមិទ្ធផលដ៏ប្រសើរនេះឆ្លុះបញ្ចាំងពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយដែលអំណោយផលដល់ការវិនិយោគនិងធុរកិច្ច។ ម្យ៉ាងទៀត ការបណ្តាក់ទុនវិនិយោគនេះនឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ផងដែរ ដូចជា ការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពឧស្សាហកម្មរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោកបានវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនទាំងពីរចំពោះកិច្ចខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យនាពេលនេះ និងបានជូនពរឱ្យក្រុមហ៊ុនទទួលជោគជ័យបន្ថែមទៀតក្នុងប្រតិបត្តិការអាជីវកម្មនាពេលខាងមុខ។

ជាមួយគ្នានេះ លោក Yu Jun អនុប្រធានក្រុមហ៊ុន Guangzhou Automobile Group Co., Ltd. (GAC) បានលើកឡើងថា ប្រទេសកម្ពុជាគឺជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ GAC នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលរីកលូតលាស់លឿនបំផុតនៅក្នុងទីផ្សារពិភពលោករបស់ GAC ព្រោះប្រទេសកម្ពុជាមានបរិយាកាសធុរកិច្ចដ៏ល្អ សក្តានុពលទីផ្សារដ៏ធំសម្បើម និងប្រជាជនដែលមានភាពកក់ក្តៅ និងរួសរាយរាក់ទាក់។

អនុប្រធានក្រុមហ៊ុនរូបនេះ បានបង្ហាញពីភាពរីករាយដែលបានឃើញអ្នកប្រើប្រាស់កម្ពុជាកាន់តែច្រើនឡើងជ្រើសរើស និងជឿជាក់លើផលិតផល GAC ហើយកត្តាទាំងនេះក៏បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុន GAC ក្នុងការបន្តពង្រឹងនិងប្ដេជ្ញាចិត្តអភិវឌ្ឍន៍ទីផ្សារកម្ពុជាបន្ថែមទៀត។

លោកបន្តថា តាមរយៈការប្រមូលផ្តុំក្នុងស្រុក ផលិតផលរបស់ក្រុមហ៊ុន GAC នឹងបំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុកបានប្រសើរជាងមុន និងផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដ៏ប្រសើរដល់អតិថិជនកម្ពុជាគ្រប់រូប ជាមួយនឹងសមាមាត្រតម្លៃប្រាក់ខ្ពស់ជាង និងពេលវេលាឆ្លើយតបកាន់តែលឿន។ លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនបានដាក់តាំងបង្ហាញម៉ូដែលចំនួន៦ដូចជា៖ EMZOOM, EMKOO, GN8, និង GS8 ។

គួរបញ្ជាក់ថា រោងចក្រដំឡើងរថយន្ត GAC ក្រោមការសហការរវាងក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង GAC International Co., Ltd. គឺនឹងសម្រេចការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១៩ លានដុល្លារអាម៉េរិក លើផ្ទៃដីទំហំ ១១ ហិចតានៅខេត្តកំពង់ឆ្នាំង ដែលអាចបង្កើតឱកាសការងារចំនួន ៤០០នាក់ ទៅ ៦០០នាក់ ជាមួយខ្សែចង្វាក់ផលិតកម្មរថយន្តបានចាប់ពី១ម៉ឺន ទៅ ១,៥ ម៉ឺនគ្រឿងនៅក្នុងមួយឆ្នាំ៕


Khcct banner

អត្ថបទទាក់ទង