ណាននីង៖ ក្រុមហ៊ុន Yunhong Group បានបង្ហាញពីគោលបំណងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅប្រទេសកម្ពុជា និងបានស្នើសុំកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម នៅកម្ពុជា លើការផលិត និងកែច្នៃចំណីអាហារ ទឹកផ្លែឈើ និងភេសជ្ជៈដែលមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងក្នុងប្រទេសកម្ពុជា និងការនាំចេញ។ គោលបំណងនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។
លោក Wu Dong ប្រធានក្រុមហ៊ុន Yunhong Group បានលើកឡើងថា តាមរយៈវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា ក្រុមហ៊ុនបានឃើញអំពីឱកាស និងសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ហើយក្រុមហ៊ុនមានបំណងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅប្រទេសកម្ពុជា និងបានស្នើសុំកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម នៅកម្ពុជា លើការផលិត និងកែច្នៃចំណីអាហារ ទឹកផ្លែឈើ និងភេសជ្ជៈដែលមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងក្នុងប្រទេសកម្ពុជា និងការនាំចេញ។
ជាកិច្ចឆ្លើយតប លោករដ្ឋលេខាធិការ បានស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ក្នុងការពង្រីកអាជីវកម្ម និងជ្រើសយកកម្ពុជាជាប្រទេសគោលដៅក្នុងការចាប់ដៃគូសហការពាណិជ្ជកម្ម នៅកម្ពុជា។ ក្រសួងពាណិជ្ជកម្ម តែងតែយកចិត្តទុកដាក់លើការសម្របសម្រួលវិស័យឯកជន ជាពិសេសក្នុងការពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជា ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ច៕