681 ezgif.com resize
Swift cc time

មហាសន្និបាត AIPA អាស៊ាន អនុម័តគាំទ្រសេចក្តីព្រាងស្នើឡើងដោយសភាកម្ពុជាក្នុងការលើកកម្ពស់សន្តិភាពនិងវិបុលភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ម៉ាឡេស៊ី៖មហាសន្និបាតអាយប៉ា របស់អាស៊ាន ក្នុងប្រទេសម៉ាឡេស៊ី អនុម័តគំាទ្រសេចក្តីព្រាងសេចក្តីសម្រេចចំនួនបីដែលស្នើឡើងដោយសភាកម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព និង វិបុលភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់។ការសម្រេចនេះ គឺជាជោគជ័យធំមួយនៃបេសកកម្មការទូតសភា នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA )លើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងនោះគណៈកម្មាធិការនយោបាយអាយប៉ា នៅក្នុងកិច្ចប្រជុំព្រឹកថ្ងៃទី១៩កញ្ញានេះ បានពិភាក្សាអនុម័តគំាទ្រ ពេញទំហឹងលើសេចក្តីព្រាងសេចក្តីសម្រេច របស់សភាកម្ពុជា ស្តីពីការជំរុញគំនិតផ្ដួចផ្ដើមសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី។ការអនុម័តនេះ គឺជាការទទួលស្គាល់របស់អាយប៉ា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា នៅក្នុងការស្វែងរកសន្តិភាព ការពារ លើកកម្ពស់សុខសន្តិភាព ជូនពលរដ្ឋទំាងក្នុងប្រទេសនិងក្រៅប្រទេស ដូចជាការអនុម័តនូវ ធម្មនុញ្ញសន្តិភាពដើម្បីប្រជាជន និងភពផែនដី ដែលប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។

សេចក្តីព្រាងសេចក្តីសម្រេចពីរទៀតដែលផ្តួចផ្តើមឡើងដោយសភាកម្ពុជា គឺសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា និង សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការបង្កើតភាពជាដៃគូអាយប៉ា ដើម្បីលើកកម្ពស់ការចូលរួមរបស់អាយប៉ាជាមួយដៃគូពាក់ព័ន្ធ សម្រាប់ អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព។

សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ាមាន គោលបំណងបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា សំដៅលើកកម្ពស់កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងពហុភាគីលើបញ្ហាថ្មីៗក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងកសាងការយល់ដឹងរួមគ្នា និងបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលចាំបាច់ត្រូវមានភាពរហ័សរហួន សម្របខ្លួន និងមានគំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗទាំងនេះប្រកបដោយប្រសិទ្ធភាព។

ចំពោះសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីពង្រឹងការចូលរួមរបស់សភាអាយប៉ា ជាមួយដៃគូខាងក្រៅសម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព មានគោលបំណងចម្បង គឺដើម្បីពង្រឹងការចូលរួមជាមួយសភាសង្កេតការណ៍ ដែលរួមចំណែកដល់បេសកកម្មរបស់អាយប៉ា ក្នុងការបង្កើតក្របខ័ណ្ឌរួម និងឆ្ពោះទៅអនាគត ដើម្បីលើកកម្ពស់ការទូតសភា ធ្វើឱ្យការចូលរួមជាមួយសភាសង្កេតការណ៍ និងអង្គការដៃគូកាន់តែស៊ីជម្រៅ និងដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងមូលបទអាស៊ានឆ្នាំ២០២៥ របស់ប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ីគឺ “បរិយាបន្ន និងចីរភាព”៕

Khcct banner

អត្ថបទទាក់ទង