រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណមិត្តចិនចំពោះតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ភាគីមិត្តចិន មានឆន្ទៈចង់ឱ្យប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ មានការសន្ទនាគ្នាទ្វេភាគី ដើម្បីបង្កើននូវជំនឿទុកចិត្តគ្នា និងមានសន្តិភាពឡើងវិញ។
ការថ្លែងនេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោកនាយឧត្តមសេនីយ៍ ទៀ សីហា និងលោកនាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្រ្តីការពារជាតិចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ចិន គឺជាមិត្តគួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា និងជាបងប្អូនល្អដែលចែករំលែកសុខទុក្ខជាមួយគ្នា។ កម្ពុជាមានឆន្ទៈរួមគ្នាជាមួយប្រទេសចិន ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ រួមទាំងការបណ្តុះបណ្តាលសិក្ខាកាម និងសមយុទ្ធរួមគ្នា ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី៕