681 ezgif.com resize
Swift cc time

ប្រធានរដ្ឋសភាកម្ពុជា ប្រាប់ពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បាញ់ នៅក្នុងមហាសន្និបាតអាយប៉ា (AIPA) នៅម៉ាឡេស៊ី

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

គូឡាឡាំពួ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ថ្លែងក្នុងមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី១៨ខែកញ្ញានេះ ប្រាប់វេទិកាអំពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បាញ់។ នៅក្នុងវេទិកានេះ សម្តេចបានអំពាវនាវសូមកុំឱ្យមានប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀតឡើយ។

ក្នុងសន្ទរកថានោះ សម្តេច ឃួន សុដារី ប្រាប់អង្គមហាសន្និបាត កិច្ចព្រមព្រៀងបទឈប់បាញ់នេះ នៅមានភាពផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃនៅតែបន្តកើតមានជាបន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា ១៨នាក់ ដោយខុសច្បាប់ ធ្វើជាចំណាប់ខ្មាំងប៉ុន្មានម៉ោងក្រោយបទឈប់បាញ់បានចូលជាធរមាន និងករណីរាយលួសបន្លាខុសច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងបានរំលោភបំពានម្ដងហើយម្ដងទៀតមកលើដែនអធិបតេយ្យកម្ពុជា។

បន្ថែមពីនេះ កងកម្លាំងយោធាថៃបានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាងម្ភៃនាក់។

ប្រធានរដ្ឋសភាកម្ពុជា បានជំរុញឱ្យ ថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងជនស៊ីវិល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជនកម្ពុជាជាបន្តទៅទៀត ហើយវិលមកការកសាងទំនុកចិត្តគ្នាទៅវិញទៅមកទាមទារឱ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ ដោយមានសុច្ឆន្ទៈ និងភាពស្មោះត្រង់ពិតប្រាកដ។ ភាគីដែលរំលោភបំពានលើបទឈប់ បាញ់ ត្រូវតែទទួលការថ្កោលទោស ឬការដាក់ទណ្ឌកម្មជាដាច់ខាត។

បន្ថែមពីនេះ សម្តេចបានអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយបន្តតាមដានជាប្រចាំនូវការវិវត្តនៃការអនុវត្តបទឈប់បាញ់ និងធ្វើការវាយតម្លៃដោយខ្លួនឯង ផ្អែកលើតថភាពជាក់ស្ដែង។ ក្នុងន័យនេះ យើងចាំបាច់ត្រូវមានបេសកកម្មស្វែងរកការពិតជាអន្តរជាតិ និងជាបន្ទាន់ ដោយបារម្ភយ៉ាងខ្លាំងការបន្តរំលោភបំពានលើបទឈប់បាញ់ នឹងបណ្តាលឱ្យបាត់បង់ទំនុកចិត្តផ្នែកនយោបាយ និង ការផ្ទុះឡើងវិញនៃជម្លោះប្រដាប់អាវុធ ដែលនឹងបង្កផលវិបាកដល់ប្រជាជាតិទាំងពីរ។

សម្តេចសង្កត់ធ្ងន់ថា "យើងមិនត្រូវប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក” នៅក្រៅដែនដីរបស់ខ្លួន ដែលរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀតឡើយ។យើងត្រូវចាត់គ្រប់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។"

ជាការកត់សម្គាល់ ក្រោយពីប្រធានរដ្ឋសភាកម្ពុជាថ្លែងចប់សន្ទរកថា ភ្លាមៗមន្ត្រីថៃក្នុងសន្និបាត AIPA ហាក់សម្តែងការភ្ញាក់ផ្អើលហើយរត់ឆ្លងយោបល់គ្នាទៅវិញទៅមក៕


Khcct banner

អត្ថបទទាក់ទង