បន្ទាយមានជ័យ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានច្រានចោល អំពីការចុះផ្សាយលើគេហទំព័រសារព័ត៌មាន The Nation Thailand នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលភ្ជាប់រូបភាពមានចំណងជើងថា “ខេត្តស្រះកែវទុកពេល៣០ថ្ងៃ ឱ្យប្រជាពលរដ្ឋខ្មែរ ឈប់រស់នៅក្នុងភូមិមានជម្លោះ”។
អ្នកនាំពាក្យ ប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត និងបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃព្រះរាជាណាចក្រកម្ពុជា ខាងភាគី ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ បានស្នើសុំមកភាគីខេត្តបន្ទាយមានជ័យ នៃកម្ពុជា មានចំនួន៨ចំណុច តែភាគីខេត្តបន្ទាយមានជ័យ មិនបានឯកភាពនោះទេ។ ការចុះផ្សាយរបស់គេហទំព័រ សារព័ត៌មាន The Nation Thailand បានស្រង់យកនូវខ្លឹមសារតែមួយជ្រុង គ្មានមូលដ្ឋាន ដែលបង្ហាញ ពីការញុះញ៉ូង គំរាមកំហែងដល់អធិបតេយ្យភាព និងបូរណៈភាពទឹកដីរបស់កម្ពុជា ។
ទន្ទឹមនេះ ក្នុងអង្គប្រជុំភាគីខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំទៅភាគី ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ចំនួន ៤ចំណុច រួមមាន៖ ស្នើសុំរក្សាស្ថានភាពដើម ដោយគោរពឱ្យបានម៉ឺងម៉ាត់តាមកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវីសាមញ្ញ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លទ្ធផលនៃកិច្ចប្រជុំ RBC នាពេលកន្លងមក និងលទ្ធផលនៃកិច្ចប្រជុំពិសេស GBC កាលពី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយមិនត្រូវពង្រីកវិសាលភាពនៃបញ្ហា ឬការខ្វែងគំនិតគ្នា ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការចំរុះព្រំដែន(JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ នាពេលខាងមុខ។
ជាមួយគ្នានោះ កម្ពុជា ស្នើឲ្យភាគីថៃគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេស MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣ ភាគីថៃ ត្រូវឱ្យប្រជាពលរដ្ឋកម្ពុជាចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ និងត្រូវដោះបន្លាលួស ស្បៃ និងកង់ឡានចេញពីទីតាំងដែលថៃបានដាក់ និងស្នើសុំភាគីថៃជៀសវាងការធ្វើសកម្មភាពផ្សេងៗ ដូចជា៖ ការដាក់បន្លាលួសបន្ថែម, ការចេញ បណ្ណកម្មសិទ្ធិ, ការធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាជនដែលនៅជាប់ក្នុង បន្លាលួស និងធ្វើសកម្មភាពផ្សេងទៀតនៅលើទីតាំង ឬតំបន់ដែល JBC នៃភាគីទាំងពីរពុំទាន់ បានឯកភាពគ្នា។ និងទី៤ ករណីដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ត្រូវបញ្ជូនទៅ GBC ឬ JBC។ អាស្រ័យហេតុនេះ សូមសាធារណៈជនជាតិ និងអន្តរជាតិមុត្តតាមជាបជាព័ត៌មាន ៕