បន្ទាយមានជ័យ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ស្នើភាគីថៃរក្សាស្ថានភាពដើមដែលមាន កុំពង្រីកវិសាលភាពនៃបញ្ហា ឬខ្វែងគំនិតគ្នា ហើយរង់ចាំការសម្រេចពីគណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំកម្ពុជាថៃ។ ការលើកឡើងនេះ ធ្វើឡើងក្នុងក្នុងកិច្ចប្រជុំពិភាក្សារវាងលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជាមួយអភិបាលខេត្តស្រះកែវ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីពិភាក្សាសម្របសម្រួលស្វែងរកដំណោះស្រាយល្អជូនប្រជាពលរដ្ឋនៃខេត្តទាំងពីរ។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានបន្ថែមថា ក្នុងករណីធ្វើទៅបាន ភាគីថៃត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ។ ទន្ទឹមនឹងនេះ ភាគីថៃត្រូវដោះបន្លាលួស ស្បៃ និងកង់ឡាន ហើយរង់ចាំការសម្រេចរបស់ JBC ប្រទេសទាំងពីរ ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាម MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០០។
អភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំភាគីថៃជៀសវាងសកម្មភាពផ្សេងៗក្នុងដំណាក់កាលដែលមិនទាន់មានការប្រជុំសម្រេចពីគណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-ថៃ ដូចជា៖ ការដាក់បន្លាលួសបន្ថែម ការចេញបណ្ណកម្មសិទ្ធិ ការធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បតិ្តប្រជាពលរដ្ឋ ដែលនៅជាប់ក្នុងបន្លាលួស ការបញ្ជូនប្រជាជនថៃ មកកាន់កាប់ទីតាំងដែលមិនទាន់មានភាពដាច់ស្រេច។ល។ ករណី ដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ច របស់រដ្ឋបាលខេត្តត្រូវបញ្ជូនទៅ GBC និង JBC៕