ភ្នំពេញ៖ ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ត្រូវបានដំឡើងពី២០៨ដុល្លារ ដល់ ២១០ដុល្លារ សម្រាប់បងប្អូនកម្មករ-កម្មការិនី ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលិតផលធ្វើដំណើរនិងកាបូប។ការសម្រេចនេះ ធ្វើឡើងក្រោយពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ បើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន។
យោងតាមក្រសួងការងារកម្ពុជា តាមរយៈកិច្ចប្រជុំដែលធ្វើឡើងសរុបចំនួន ២៣លើក តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានយល់ច្បាស់ពីស្ថានភាព នៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ភាពប្រកួតប្រជែង និង ស្ថានភាពប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា ធៀបនឹងបណ្តាប្រទេសមួយចំនួន និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។
បើតាមក្រសួង តំណាងភាគីនិយោជក បានស្នើសុំរក្សាតួលេខប្រាក់ឈ្នួលអប្បបរមានៅដដែល ខណៈ តំណាងភាគីកម្មករនិយោជិតក៏មិនជំទាស់នឹងសំណើនេះ និង ស្នើសុំរាជរដ្ឋាភិបាលពិនិត្យលទ្ធភាពបន្ថែមលើសំណើរបស់តំណាងភាគីនិយោជក ស្របទៅតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន ២០៨ (ពីររយប្រាំបី) ដុល្លារអាម៉េរិក ជូននាយករដ្ឋមន្ត្រី ពិនិត្យនិងសម្រេច។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែម ២ដុល្លារអាម៉េរិក លើតួលេខ ២០៨ ដុល្លារអាម៉េរិក របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ មានចំនួន ២១០ (ពីររយដប់) ដុល្លារអាម៉េរិក ក្នុងមួយខែ ហើយនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ បើបូកទាំងអត្ថប្រយោជន៍ផ្សេងទៀត បងប្អូនកម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចន្លោះពី ២២៧ ដុល្លារអាម៉េរិក ដល់ ២៣៨ដុល្លារអាម៉េរិក ក្នុងមួយខែ។
ការដំឡើងនេះ ធ្វើឡើងបើទោះបីជាស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា ហើយប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមា ក៏រាជរដ្ឋាភិបាលកម្ពុជាបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិត ទោះតិចក្តីច្រើនក្តី សំដៅជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត៕