ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាលោក ឌិត ទីណា នៅថ្ងៃទី ១៦ កញ្ញាម្សិលមិញ បានលើកឡើងពីរបាយការណ៍នៃការការស្ទង់មតិដោយក្នុងរបាយការណ៍នោះ រកឃើញថា និស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មប្រមាណ ៩៨,៨%ទទួលបានការងារធ្វើ ខណៈដែលមួយចំនួនទៀត បានបង្កើតអាជីវកម្មដោយខ្លួនឯង។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នៅមជ្ឈមណ្ឌលកោះពេជ្រ។
លោក ឌិត ទីណា បានគូសបញ្ជាក់ថា យោងតាមការស្ទង់មតិកន្លងមកបានឱ្យដឹងថា និស្សិតដែលបានបញ្ចប់ការសិក្សាផ្នែកកសិកម្មប្រមាណ ៩៨,៨%ទទួលបានការងារធ្វើ ក្នុងនោះ ភាគច្រើនលើសលប់បម្រើការក្នុងវិស័យឯកជន ៩៨៣នាក់ បានប្រឡងជាប់ជាមន្រ្តីកសិកម្មឃុំ(ក្នុងនោះ ៧៦៣នាក់ ជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម, ១៤០នាក់ ជាអតីត និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និង៨០នាក់ទៀតជាអតីតនិស្សិតវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម) ខណៈដែលមួយចំនួនទៀត បានបង្កើតអាជីវកម្មដោយខ្លួនឯង។
បើតាមលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចំពោះវិស័យកសិកម្ម ការដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។លោក លើកទឹកចិត្តដល់និស្សិតឱ្យមានការចូលរួមអភិវឌ្ឍក្នុងវិស័យកសិកម្មផ្សារភ្ជាប់នឹងសេដ្ឋកិច្ច ដែលជាបរិបទថ្មីសំដៅប្រេីប្រាស់ចំណេះជំនាញជួយដល់ប្រជាកសិករធានាបាននូវសន្តិសុខស្បៀង ទទួលបានប្រាក់ចំនេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។
គួរបញ្ជាក់ថា កសិកម្ម គឺជាវិស័យអាទិភាពដ៏សំខាន់មួយរបស់កម្ពុជាដែលចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការធានាសន្តិសុខស្បៀង បង្កើតឱកាសការងារ និងប្រាក់ចំណូលទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាការនាំចេញទៅទីផ្សារអន្តរជាតិ។ដើម្បីបំពេញតម្រូវការធនធានមនុស្ស រាជរដ្ឋាភិបាល បន្តជំរុញលើកកម្ពស់គុណភាពការសិក្សាធ្វើទំនើបកម្មកម្មវិធីសិក្សាឆ្ពោះទៅកាន់ការធ្វើកសិកម្មទំនើប និង បច្ចេកវិទ្យាសិប្បនិម្មិតបង្កើនសមត្ថភាពសាស្ត្រាចារ្យ និង លោកគ្រូអ្នកគ្រូបំពាក់សម្ភារៈឧបករណ៍ចាំបាច់ ដើម្បីអប់រំបណ្តុះបណ្តាលនិស្សិតឱ្យស្របទៅនឹងតម្រូវការទីផ្សារការងារ។
បង្កើនការស្រាវជ្រាវផ្សារភ្ជាប់ទ្រឹស្តី និង ការអនុវត្តជាក់ស្តែង ជួយគាំទ្រ និងផ្តល់ដំណោះស្រាយនៅក្នុងខ្សែច្រវាក់ផលិតកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនឱកាសដល់និស្សិតក្នុងការចុះកម្មសិក្សា និង ជំរុញនិស្សិតជ័យលាភីទាំងអស់ត្រូវបន្តរៀនសូត្រ និង អភិវឌ្ឍសមត្ថភាព ដើម្បីប្រសិទ្ធភាពការងារ និង ប្រាក់ចំណូល ដើម្បីក្លាយជាពលរដ្ឋសកម្មក្នុងការរួមចំណែកជំរុញការអភិវឌ្ឍ ជាតិមាតុភូមិកម្ពុជា៕