ភ្នំពេញ៖ ក្រសួងសុខាភិបាល និងមូលនិធិ GX Foundation នឹងបន្តពង្រឹង និងពង្រីក វិសាលភាពនៃកិច្ចសហប្រតិបត្តិការលើគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ និងជំងឺគ្រុនឈាម ដែលនឹងរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ប្រព័ន្ធសេវាសុខាភិបាលនៅកម្ពុជា ព្រមទាំងឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ពោលគឺមិនមាននរណាម្នាក់ ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពនោះទេ។
លោកសាស្រ្តាចារ្យ ឈាង រ៉ា បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏មានសារសំខាន់របស់ មូលនិធិ GX Foundation នៅក្នុងការគាំទ្រវិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសការរួមចំណែករបស់មូលនិធិ នៅក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តាខេត្តគោលដៅមួយចំនួន។
ជាការឆ្លើយតប លោកអគ្គនាយកមូលនិធិ GX បានសម្តែងនូវការអរគុណជូនចំពោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។
ភាគីទាំងពីរ បានពិភាក្សាលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ រវាងមូលនិធិ GX Foundation និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់គម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ និងការទប់ស្កាត់ និងគ្រប់គ្រងហានិភ័យបណ្តាលមកពីការរាតត្បាត នៃជំងឺគ្រុនឈាម ដែលនេះនឹងរួមចំណែកដ៏សំខាន់ ក្នុងការលើកកំពស់ប្រព័ន្ធសេវាសុខាភិបាល នៅកម្ពុជា ព្រមទាំងឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ពោលគឺមិនមាននរណាម្នាក់ ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពនោះទេ។
គួរបញ្ជាក់ថា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយលោក LEUNG Chun Ying អគ្គនាយកមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន អមដោយលោក Wang Wenbin (វ៉ាង វិនពីន) ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ៕