ទីម័រ៖ ក្រុមនិស្សិតរបស់ប្រទេសទីម័រជាង១ពាន់នាក់កាលពីល្ងាចថ្ងៃទី ១៥ ខែកញ្ញាបានចុះផ្លូវ តវ៉ាចំពោះផែនការរបស់រដ្ឋាភិបាល ក្នុងការទិញរថយន្តថ្មី សម្រាប់សមាជិកសភាចំនួន ៦៥នាក់ ការអនុម័តច្បាប់ទិញរថយន្តថ្មីដល់សមាជិកសភាបានធ្វើឲ្យក្រុមនិស្សិតទីម័រនាំគ្នាខឹងសម្បារ និងតវ៉ាមិនយល់ស្របក្នុងការឲ្យទិញរថយន្តថ្មីដល់មន្រ្តីក្នុងសភាចំពេលដែល ៤០ ភាគរយនៃចំនួនប្រជាជនរបស់ខ្លួនរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ និងខ្វះខាតខ្លាំង។
យោងតាមកាសែតអូស្រា្តលី ABC បានរាយការណ៍ថាគិតត្រឹមថ្ងៃទី ១៦ ខែកញ្ញានេះចំនួនក្រុមនិស្សិតជាង ១ពាន់នាក់ភាគច្រើនជានិស្សិតសាកលវិទ្យាល័យ បានប្រមូលផ្តុំគ្នានៅជិតសភាជាតិក្នុងទីក្រុង Dili ដើម្បីតវ៉ាប្រឆាំងនឹងផែនការដែលបានអនុម័តកាលពីឆ្នាំមុនដើម្បីទិញរថយន្តសម្រាប់សមាជិកសភានីមួយៗចំនួន ៦៥ នាក់។ ក្រុមនិស្សិតចាត់ទុកការអនុម័តច្បាប់ទិញរថយន្តទំនើបឲ្យសមាជិកសភាពគឺមិនសមហេតុផល និងខ្ចះខ្ចាយថវិការជាតិ ចំពេលដែលរបស់ខ្លួនកំពុងតែស្ថិតក្នុងភាពក្រីក្រ។
ក្រុមនិស្សិតស្នើសុំឱ្យសមាជិកសភាលុបចោលការសម្រេចចិត្តទិញឡានថ្មី Toyota Prado ប្រើសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន បើមិនដូច្នេះទេបាតុកម្មនឹងបន្តកើនឡើងខ្លាំងជាងពេលបច្ចុប្បន្ន។ ក្រុមនិស្សិតបញ្ជាក់ទៀតបាតុកម្មដំបូងឡើងបានចាប់ផ្តើមដោយសន្តិវិធី ប៉ុន្តែប៉ូលិសបានសម្រេចចិត្តបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីបាតុករមួយចំនួនបានគប់ដុំថ្មឆ្ពោះទៅកាន់សភា ដោយបានបំផ្លាញរថយន្តជាច្រើនគ្រឿង។
គួរកត់សម្គាល់ថាប្រទេសទីម័រខាងកើត (Timor-leste ) ទើបតែទទួលឯករាជ្យពីប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០០២ បន្ទាប់ឥណ្ឌូនេស៊ីកាន់កាប់អស់រយៈពេល ២៤ឆ្នាំ ប្រទេសនេះបច្ចុប្បន្នមានផ្ទៃដី ១៥,០០៧ គីឡូម៉ែត្រការ៉េ និងប្រជាជនចំនួន ១.៤លាននាក់ហើយក៏ជាប្រទេសមួយដែលក្រីក្រជាងគេនៅអាស៊ីអាគ្នេយ៍៕