ភ្នំពេញ៖ ក្នុងរយៈពេល៧ថ្ងៃ គិតចាប់តាំងពីថ្ងៃបុណ្យកាន់បិណ្ឌទី១ ដល់បិណ្ឌទី៧ ពោលគឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទូទាំងប្រទេសកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ បន្តកើតឡើងសរុបចំនួន៤៥ករណី បណ្តាលឱ្យមានមនុស្សស្លាប់៣៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៥៤នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង រួមមាន នៅថ្ងៃបិណ្ឌ១ មាន៨ករណី ស្លាប់៦នាក់ របួស១១នាក់ ថ្ងៃបិណ្ឌ២ មាន៧ករណី ស្លាប់៨នាក់ របួស៩នាក់ ថ្ងៃបិណ្ឌ៣ មាន៦ករណី ស្លាប់២នាក់ របួស១០នាក់ ថ្ងៃបិណ្ឌ៤ មាន៧ករណី ស្លាប់៦នាក់ របួស៩នាក់ ថ្ងៃបិណ្ឌ៥ មាន៧ករណី ស្លាប់២នាក់ របួស១០នាក់ ថ្ងៃបិណ្ឌ៦ មាន៥ករណី ស្លាប់៥នាក់ របសួស៤នាក់ និងថ្ងៃកាន់បិណ្ឌទី៧ មាន៥ករណី ស្លាប់៤នាក់ និងរបួស១នាក់។
ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នារយៈពេល៧ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២៥នោះ លោក ទូច សុឃៈ បាន បន្ថែមថា រាជធានីខេត្តដែលមានករណីគ្រោះថ្នាក់ច្រើនរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពង់ឆ្នាំង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ក្រចេះ ស្ទឹងត្រែង ស្វាយរៀង និងខេត្តព្រៃវែង។
គួររម្លឺកថា លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់បទបញ្ជាដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំមន្ត្រីនគរបាលចរាចរណ៍ផ្អាកអនុវត្តច្បាប់ចាប់តាំងពីអំឡុងពេលនៃការប្រយុទ្ធទប់ទល់អំពើឃ្លានពានពីកងទ័ពថៃមក។ ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃបានកត់សម្គាល់ពីកំណើនករណីគ្រោះថ្នាក់ចរាចរណ៍ ករណីស្លាប់ និងរបួស ធៀបនិងអំឡុងពេលអនុវត្តច្បាប់ជាធម្មតា៕