681 ezgif.com resize
Swift cc time

អាជ្ញាធរជាតិអប្សរា រំពឹងថាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរនឹងមកទស្សនា«ប្រាសាទជម» បន្ទាប់ពីបញ្ចប់ការជួសជុលនៅចុងឆ្នាំនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ប្រាសាទជម ស្ថិតនៅក្នុងក្រុមប្រាសាទព្រះពិធូរ នៃអតីតក្រុងអង្គរធំ ដែលជាប្រាសាទមានសំណង់ស្ថាបត្យកម្មដ៏លេចធ្លោមួយ ។ ប្រាសាទនេះ ត្រូវបានជួសជុលនៅក្នុងឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។ អាជ្ញាធរជាតិអប្សរា រំពឹងថាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរនឹងចូលទស្សនា ស្វែងយល់ពីប្រាសាទជម បន្ទាប់ពីបញ្ចប់ការជួសជុលនៅចុងឆ្នាំនេះ។

លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោងទី២ នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ បានឱ្យដឹងថា ប្រាសាទជមមានភាពទ្រុឌទ្រោមខ្លាំងមុនពេលជួសជុល ដូច្នេះអ្នកជំនាញបានសម្រេចរើតួប្រាសាទនេះទាំងមូល ដើម្បីរៀបចំគ្រឹះ និងពង្រឹងតួប្រាសាទឡើងវិញជាដំណាក់ៗ។ លោកបន្តថា គម្រោងនេះមានការចូលរួមពីអ្នកជំនាញកូរ៉េ និងខ្មែរជាច្រើននាក់ មានទាំងស្ថាបត្យករ បុរាណវិទ្យា និងខាងជួសជុល ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែធ្នូ ឆ្នាំ២០២៥។

លោក Park SungChul អ្នកស្រាវជ្រាវ និងបុគ្គលិកនៃទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានពន្យល់ថា បន្ទាប់ពីរើតួប្រាសាទ គេបានរកឃើញថា គ្រឹះរបស់ប្រាសាទនេះមានបញ្ហាខូចខាតខ្លាំង ថ្មមួយចំនួនមានភាពពុកផុយ។ ដូច្នេះការជួសជុល ត្រូវជំនួសថ្មថ្មីខ្លះដែលគោរពទៅតាមធម្មនុញ្ញអង្ករដើម្បីធានានៃភាពរឹងមាំទៅអនាគត។ ក្រៅពីនេះ អ្នកជំនាញក៏បានពង្រឹង និងបន្ថែមថ្មនៅតាមស្រទាប់ ខ្លះដែលបាត់ថ្ម ឬពុកផុយដោយសារអាយុកាលផងដែរ។

អ្នកជំនាញកូរ៉េរូបនេះ ក៏មិនភ្លេចអរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមនិងអ្នកជំនាញខ្មែរ និងកម្មករជួសជុលទាំងអស់ ដែលចូលរួមជួយឱ្យគម្រោងនេះ សម្រេចលទ្ធផលគួរជាទីមោទន និងធ្វើឱ្យប្រាសាទជម ឈររឹងមាំ និងស្រស់ស្អាតឡើងវិញ។

ចំណែកលោក ថៃ យ៉ាម៉ង់ ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងគម្រោងការងារនេះ អ្នកជំនាញខ្មែរបានចូលរួមបំពេញការងារមួយចំនួន ដូចជាធ្វើសម្រង់ប្លង់មុន និងក្រោយជួសជុល ស្វែងរកថ្មដែលបាត់ ឬជ្រុះរាយប៉ាយមកផ្គុំឡើងវិញ។ល។ បើតាមលោក យ៉ាម៉ង់ អ្នកជំនាញខ្មែរបានផ្គុំថ្មជាង២០០ដុំរួចហើយ និងព្យាយាមរកថ្ម និងផ្គុំនៅកន្លែងដែលបាត់នោះឡើងវិញ។

ក្នុងនាមពលរដ្ឋខ្មែរ និងអ្នកជួសជុលមួយរូប លោក យ៉ាម៉ង់ ពិតជាមានមោទនភាពណាស់ ដែលបានរួមចំណែកជួយឱ្យប្រាសាទជម ដែលជាប្រាសាទមានសំណង់ស្ថាបត្យកម្មដ៏លេចធ្លោមួយ បានឈររឹងមាំឡើងវិញ។ លោកក៏រំពឹងថា ពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរ នឹងចូលទស្សនា ស្វែងយល់ពីប្រាសាទជម បន្ទាប់ពីដាក់សម្ពោធជាផ្លូវការផងដែរ៕


Khcct banner

អត្ថបទទាក់ទង