ចិន៖ អដ្ឋិធាតុទាហានស្ម័គ្រចិត្តរបស់ប្រជាជនចិន (CPV) Chinese People's Volunteers ៣០ នាក់ដែលបានបាត់បង់ជីវិតក្នុងអំឡុងសង្គ្រាមដើម្បីទប់ទល់នឹងការឈ្លានពានរបស់សហរដ្ឋអាម៉េរិក ក្នុងសង្រ្គាមកូរ៉េខាងជើង និងត្បូងចន្លោះឆ្នាំ (១៩៥០-១៩៥៣) ត្រូវបានដាក់តម្កល់កាលពីថ្ងៃសៅរ៍ក្នុងទីក្រុង Shenyang នៃខេត្ត Liaoning ភាគឦសានប្រទេសចិន។ក្នុងអំឡុងពេលពិធីបញ្ចុះអដ្ឋិធាតុនៅទីបញ្ចុះសពរបស់វីរៈបុរសពលីរបស់ចិន ឆ្មាំកិត្តិយសបានបាញ់កាំភ្លើងគោរពវិញ្ញាណក្ខន្ធវីរៈបុរសដែលបានពលី និងសម្តែងការកាន់ទុក្ខដល់ទាហានទាំង ៣០នាក់។
យោងតាមកប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនពិធីបញ្ចុះសពបានចាប់ផ្តើមនៅវេលាម៉ោង១០យប់កាលពីថ្ងៃទី ១៣ ខែកញ្ញាពោរគឺមួយថ្ងៃបន្ទាប់ពីអដ្ឋិធាតុត្រូវបានធ្វើមាតុភូមិត្រឡប់ទៅចិនវិញកាលពីថ្ងៃទី ១២ កញ្ញា។ តាមប្រភពដដែលនៅពេលដែលភ្លេងជាតិបានប្រគុំ ឆ្មាំកិត្តិយសដែលកាន់មឈូសរបស់យុទ្ធជនពលីបានចូលទៅក្នុងទីបញ្ចុះសព។ មឈូសត្រូវបានរុំដោយទង់ក្រហមផ្កាយប្រាំ ហើយអ្នកចូលរួមបានឱនក្បាលបីដងក្នុងភាពស្ងៀមស្ងាត់ ដើម្បីគោរពអដ្ឋិធាតុទាហាន។មនុស្សជាង ៣០០ នាក់ រួមទាំងតំណាងមកពីអាជ្ញាធរមូលដ្ឋាន យោធា អតីតយុទ្ធជន និងសាច់ញាតិនៃយុទ្ធជនទាហានចិនដែលនៅរស់រានមានជីវិតបានចូលរួមក្នុងពិធីនេះ។
តាមនិស្សិតចិនម្នាក់មកពីសាកលវិទ្យាល័យ Beihang គូសបញ្ជាក់ថា យើងត្រូវតែចងចាំប្រវត្តិសាស្ត្រ ដើម្បីកុំឱ្យការលះបង់របស់វីរៈបុរសរបស់យើងឥតប្រយោជន៍ យើងចង់ប្រាប់វីរបុរសដែលបានពលីថា មាតុភូមិ និងប្រជាជននឹងមិនភ្លេចពួកគេឡើយ ហើយយើងនឹងការពារមាតុភូមិជាទីស្រឡាញ់នេះជារៀងរហូត។
គួរកត់សម្គាល់ថាចាប់តាំងពីឆ្នាំ ២០១៤ មក ប្រទេសចិន និងកូរ៉េខាងត្បូងបានប្រគល់អដិ្ឋធាតុទាហានចិន ១២ដងជាប់ៗគ្នាដោយទាហានដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍មាន ចំនួន ១,០១១ នាក់ ដោយកាលពី៧៥ ឆ្នាំមុនទាហានស្ម័គ្រចិត្តចិនបានឆ្លងកាត់ទន្លេ Yalu ហើយបានប្រយុទ្ធជាមួយការឈ្លានពានរបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសកូរ៉េដើម្បីការពារមាតុភូមិរបស់ពួកគេ។ ទាហានចិនបានតស៊ូជាមួយកងទ័ព និងជនស៊ីវិលនៃប្រជាមានិតកូរ៉េ អស់រយៈពេលពីរឆ្នាំប្រាំបួនខែ ហើយនៅទីបំផុតបានទទួលជ័យជម្នះដ៏អស្ចារ្យនៅក្នុងសង្គ្រាមដើម្បីទប់ទល់នឹងការឈ្លានពានរបស់សហរដ្ឋអាម៉េរិកក្នុងឧបទ្វីបកូរ៉េ ដោយក្នុងសង្រ្គាមនោះមានទាហាន ចិនជាង ១៩៧,០០០ នាក់បានពលីជីវិត៕ ។