បាត់ដំបង៖ កងកម្លាំងសមត្ថកិច្ចចម្រុះខេត្តបាត់ដំបង នាថ្ងៃទី១២ កញ្ញា បានចុះបង្រ្កាបទប់ស្កាត់ករណី«មេខ្យល់» នាំពលករខ្មែរឆ្លងដែនបម្រុងទៅថៃខុសច្បាប់ ចំណុចអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្ត ភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយយកប្រាក់ថ្លៃជូនទៅថៃ ចំនួន ៥០.០០០រៀល។
កងកម្លាំងសមត្ថកិច្ចចម្រុះខេត្តបាត់ដំបងបានចុះបង្រ្កាបទប់ស្កាត់ករណី ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (បម្រុងចូលទៅក្នុងប្រទេសថៃ) ០១លើក ប្រព្រឹត្តឡើងដោយជនសង្ស័យ០២នាក់ ១-ឈ្មោះ ផាត តុលា ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកនាំ (ឃាត់ខ្លួនបាន) និង២-ឈ្មោះ នួន វ៉ាក់ ភេទប្រុស អាយុប្រហែល៣៩ឆ្នាំ ជាមេខ្យល់ (ឃាត់ខ្លួនមិនទាន់បាន)។ បុរសទាំងពីរនាក់ មានទីលំនៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បើតាមសមត្ថកិច្ច បុរសទាំងពីរបានធ្វើសកម្មភាពទាក់ទងនាំពលករម្នាក់ ឈ្មោះ ទុំ រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ចំណុចអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្ត ភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយយកប្រាក់ថ្លៃជូន ចំនួន ៥០.០០០រៀល (ប្រាំម៉ឺនរៀល) ។
បច្ចុប្បន្ន ពលករខាងលើកម្លាំងសមត្ថកិច្ចបានសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ និងធ្វើកិច្ចសន្យាពន្យល់ណែនាំបងប្អូន រួចកម្លាំងនគរបាលបានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ ។ ចំពោះជនសង្ស័យជាមេខ្យល់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕