ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ កញ្ញាម្សិលមិញ បានផ្ញើលិខិតអបអរសាទរជូនចំពោះលោក Sébastien LECORNU តែងតាំងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង។ក្នុងសារលិខិតនោះ មេដឹកនាំកម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំ ក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រកម្ពុជា-បារាំង។
យោងតាមសារលិខិតអបអរសាទរ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះលោក Sébastien LECORNU ដែលតែងតាំងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង នៅពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងមក។
បើតាមសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការឡើងកាន់មុខតំណែងនេះ គឺជាជំហានដ៏សំខាន់ក្នុងអាជីពនយោបាយរបស់ឯកឧត្តម និង ផ្តល់ទស្សនៈវិស័យថ្មីៗក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ដោយឈរលើប្រវត្តិសាស្ត្រ និង តម្លៃរួម។
សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំ ក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រកម្ពុជា-បារាំង និង រៀបចំរួមគ្នានូវកិច្ចការសំខាន់ៗខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា នៅឆ្នាំ២០២៦ ហើយរំពឹងថា នាយករដ្ឋមន្ត្រីបារាំងថ្មីនឹងមានឱកាសអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានៅពេលខាងមុខនេះ៕