681 ezgif.com resize
Swift cc time

គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាបញ្ចប់បេសកកម្មទាក់ទាញនិងជំរុញវិនិយោគនៅទីក្រុងសៀមិននិងហុងកុង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានចាត់តាំង អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និង អ្នកឧកញ៉ា គួន ធីតា ប្រធានអនុគណៈកម្មការទំនាក់ទំនង និងធុរកិច្ច ដើម្បីដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលមានសមាសភាពសរុបចំនួន ១៧រូប ចូលរួមអមដំណើរ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងបេសកកម្មនោះ អ្នកឧកញ៉ា គួន ធីតា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសបំពេញការងារនៅទីក្រុងសៀមិន នាថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ ចំណែកឯ អ្នកឧកញ៉ា ហ៊ុន ឡាក់ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាក្នុងពេលបំពេញបេសកកម្មនៅទីក្រុងហុងកុងចាប់ពីថ្ងៃទី៩-១២ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងអំឡុងបំពេញបេសកកម្មនេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ទទួលបានលទ្ធផលដ៏ល្អប្រសើរក្នុងគោលដៅពង្រីក និងពង្រឹងសក្តានុពលព្រមទាំងកិច្ចសហប្រតិបត្តិការដើម្បីទាក់ទាញវិនិយោគិន និងបានចូលរួមក្នុងកិច្ចប្រជុំក៏ដូចជាជំនួបពិភាក្សាការងារជាបន្តបន្ទាប់ជាមួយភាគីចិនទាំងផ្នែករដ្ឋ និង វិស័យឯកជនដូចជា៖

១. ចូលរួមអមដំណើរ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក  ចាវ ឡុង អភិបាលខេត្តហ៊្វូជៀន។

២. កិច្ចស្វាគមន៍ដ៏កក់ក្តៅរៀបចំដោយសមាគមអ្នកវិនិយោគជនជាតិមីនចិននៅកម្ពុជាជូនគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដោយមានការចូលរួមពីប្រតិភូធុរជនចិនជាច្រើនរូប ដើម្បីជាកិច្ចស្វាគមន៍ និងផ្ដល់ជាឱកាសដល់ប្រតិភូធុរជននៃសមាគមទាំងពីរបង្កើតទំនាក់ទំនងល្អ ស្វែងយល់ និងផ្គូផ្គងធុរកិច្ចទៅវិញទៅមក។

៣. ចូលរួមក្នុងពិធីបើក “ពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” (The 25th China International Fair for Investment and Trade - CIFIT) ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ៊្វូជៀន សាធារណរដ្ឋប្រជាមានិតចិនដោយមានការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំធំៗរបស់សាធារណរដ្ឋប្រជាមានិតចិន ទីភ្នាក់ងារជំរុញការវិនិយោគបរទេស អង្គការអន្តរជាតិ សហគ្រាស និងតំណាងធុរកិច្ច មកពីប្រមាណ ៣០ប្រទសជុំវិញពិភពលោក។

៤. ចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ចមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្រុងសៀមិន (Xiamen International Convention and Exhibition Center)។

៥. ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការវិនិយោគអន្តរជាតិ (Thematic Session on Belt and Road International investment cooperation Exchange) ដែលជាវេទិកាដ៏សំខាន់សម្រាប់ការតភ្ជាប់ វិនិយោគ ពាណិជ្ជកម្ម និងវិបុលភាពរួមគ្នា។

៦. ការរៀបចំ «សន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការវិនិយោគចិន-កម្ពុជា» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្ដម Wiao Kui អភិបាលរងខេត្តហ៊្វូជៀន ដោយមានការចូលរួមពីប្រតិភូសមាគមឧកញ៉ាកម្ពុជាព្រមទាំងការចូលរួមពីធុរជនចិនមកពីចម្រុះវិស័យជាច្រើននាក់។ សន្និសីទនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបរិយាកាសធុរកិច្ច និងទាក់ទាញការវិនិយោគរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងសកម្មភាពពាណិជ្ជកម្មចិន-កម្ពុជា ឱ្យកាន់តែឈានខ្ពស់មួយកម្រិតថែមទៀត។ ក្នុងឱកាសនៃសន្និសីទនេះ សមាគមទាំងពីរបានព្រមព្រៀងចុះអនុស្សរណៈយោគយល់គ្នាក្នុងគោលបំណងពង្រឹងការវិនិយោគទ្វេភាគី សម្របសម្រួលការផ្លាស់ប្ដូរសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និលើកកម្ពស់កាលានុវត្តភាព និងបរិយាកាសធុរកិច្ចរវាងកម្ពុជានិងចិន ដោយផ្ដោតលើកិច្ចសហប្រត្តិការលើ៣ចំណុចសំខាន់ៗ ១)ការលើកកម្ពស់ធុរកិច្ច និងវិនិយោគ ២)ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការផ្គូផ្គងធុរកិច្ច និង ៣)ការផ្លាស់ប្ដូរចំណេះដឹង និងការកសាងសមត្ថភាព។

៧. ចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០ (The 10th Belt and Road Summit) ដែលប្រព្រឹត្តទៅក្នុងទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទកិច្ចសហប្រតិបត្តិការសម្រាប់ការផ្លាស់ប្តូរ – បង្កើតអនាគតរួមគ្នា (Collaboration for change – Shape a shared Future)។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០ បានប្រមូលផ្ដុំទៅដោយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ច វាគ្មិនអន្តរជាតិ និងអ្នកចូលរួមប្រមាណ ៦០០០នាក់ ពី៧០ប្រទេសទូទាំងពិភពលោក។ យ៉ាងហោចណាស់មានគម្រោងវិនិយោគប្រមាណ ២៩០គម្រោង និងការផ្គូផ្គងធុរកិច្ចច្រើនជាង៨០០ ត្រូវបានបង្ហាញ និងរៀបចំឡើងតាមរយៈកិច្ចប្រជុំនេះ។ កិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី និងឱកាសអាជីវកម្ម។

៨. ចូលរួមជំនួបផ្គូផ្គងធុរកិច្ចកម្ពុជា-ចិន រៀបចំដោយសភាពាណិជ្ជកម្មចិនប្រចាំក្រុងហុងកុង ដោយមានសមាសភាពធុរជនសុទ្ធសឹងជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជាជួបផ្គូផ្គងធុរកិច្ចជាមួយសមាជិកសភាពាណិជ្ជកម្មចិនប្រចាំក្រុងហុងកុង ដឹកនាំដោយលោកបណ្ឌិត Jonathan Choi ប្រធានសភាពាណិជ្ជកម្មប្រចាំក្រុងហុងកុង ព្រមទាំងជាប្រធានក្រុមហ៊ុន Sunwah Group និងសហភាពសហគ្រិនតំបន់ឈូងសមុទ្រពិសេស ក្វាងទុង ហុងកុង ម៉ាកាវ (Guangdong-HK-Macao Bay Area Entrepreneurs Alliance)។ កម្មវិធីនាឱកាសនេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្គូផ្គងវិនិយោគិនពីប្រទេសកម្ពុជាមានសមាសភាពពីសមាគមឧកញ៉ាកម្ពុជា និងវិនិយោគិនចិនជាសមាជិកសភាពាណិជ្ជកម្មចិនប្រចាំក្រុងហុងកុង បានជួបពិភាក្សាផ្លាស់ប្ដូរយោបល់ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

៩. ជំនួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Frederick Ma ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង។

១០. ជំនួបពិភាក្សាការងារជាមួយលោក Robert Ng ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Sino Group អំពីការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។

១១. ជំនួបជាមួយលោក Samuel Lau នាយកគ្រប់គ្រងក្រុមហ៊ុន Integrated Logistics Asia, KLN ដើម្បីពិភាក្សាផ្លាស់ប្ដូយោបល់ជុំវិញបច្ចុប្បន្នភាពអាជីវកម្មរបស់ក្រុមហ៊ុនក្នុងវិស័យភស្ដុភារកម្មនៅកម្ពុជា។

១២. ជំនួបជាមួយលោក David Simmonds ប្រធានផ្នែកយុទ្ធសាស្រ្ត នៃក្រុមហ៊ុនថាមពល China Light and Power Holdings Limited (CLP) ដែលត្រូវបានបង្កើតឡើងក្នុងទីក្រុងហុងកុងតាំងពីឆ្នាំ១៩០១ ពោលគឺមានអាយុកាលប្រមាណជាង ១២៥ឆ្នាំ និងកំពុងវិនិយោគលើការផ្គត់ផ្គង់អគ្គិសនី និងថាមពលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន CLP កំពុងខិតខំចាប់យកឱកាសថ្មីៗដើម្បីពង្រីកខ្លួនស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ និងការវិវត្តរបស់ពិភពលោកដែលកំពុងអនុវត្តគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន និងឌីជីថលូបនីយកម្ម។

១៣. ជំនួបជាមួយលោក Elton Chan នាយកក្រុមហ៊ុន Jardine Matheson មានមូលដ្ឋាននៅក្នុងទីក្រុងហុងកុងត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៨៣២ ដោយ William Jardine និង James Matheson។ ក្រុមហ៊ុនបានពង្រីកខ្លួនទៅក្នុងវិស័យផ្សេងៗរួមមាន ការដឹកជញ្ជូន ពាណិជ្ជកម្ម អចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ច វិស្វកម្ម និងហិរញ្ញវត្ថុ ដោយបានក្លាយជាសាជីវកម្មពហុជាតិចំណាស់ជាងគេ និងលេចធ្លោមួយក្នុងមូលដ្ឋានក្រុងហុងកុង។ ក្នុងជំនួបពិភាក្សានេះបានលើកឡើងនូវកម្មវត្ថុសំខាន់ៗមួយចំនួនអំពីសក្ដានុពលលើវិស័យអចលនទ្រព្យរបស់កម្ពុជាក៏ដូចជាបច្ចុប្បន្នភាពគោលនយោបាយ និងការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាផងដែរ។


Khcct banner

អត្ថបទទាក់ទង