ភ្នំពេញ៖ ប្រធានមូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNICEF) បន្តជួយពង្រឹងប្រព័ន្ធសុខាភិបាល សុខភាពមាតា ទារក និងកុមារ ជាពិសេសការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ ក្នុងគោលដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។
នាឱកាសនេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណ មូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលបានចូលរួមសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាតាមរយៈការផ្ដល់ជូនទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍនៅធនធានមនុស្សនាពេលកន្លងមក និងបានជួយដល់ការសម្រេចបាននូវគោលដៅសុខាភិបាលមួយចំនួន តាមរយៈកម្មវិធីចាក់ថ្នាំបង្ការ និងកម្មវិធីសុខភាពមាតា និងកុមារជាដើម។
លោក Will Parks ប្រធានមូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា តែងតែបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល សុខភាពមាតា ទារក និងកុមារការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ លោក Will បានជម្រាបជូនថា ក្រោមកិច្ចសហប្រតិបត្តិការជិតស្និតជាមួយក្រសួងសុខាភិបាល មូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានពិភាក្សា និងរៀបចំផែនការរយៈពេល៥ ឆ្នាំ (Country Program) ដោយអនុលោមតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដោយផ្តោតជាសំខាន់លើការគ្របដណ្តប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកបានអបអរសាទរក្រសួងសុខាភិបាល ដែលបានទទួលការសម្រេចពីមូលនិធិសកល តាមរយៈមូលនិធិអាហារូបត្ថម្ភកុមារ នឹងផ្តល់ជូនកម្ពុជាឱ្យទទួលបានឱកាសជាប្រទេស Unlock សម្រាប់ការស្វែងរកការគាំទ្រពីគម្រោងនេះលើកម្មវិធីអាហារូបត្ថម្ភកុមារនៅកម្ពុជា ប៉ុន្តែត្រូវមានការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលជាមួយអង្គការ UNICEF ព្រមទាំងមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ សម្រាប់រយៈពេលប្រាំឆ្នាំពីឆ្នាំ២០២៦-ឆ្នាំ២០៣០។
ជាចុងក្រោយ លោកសាស្រ្តាចារ្យបានថ្លែងអំណរគុណ មូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលបានរៀបចំផែនការ៥ ឆ្នាំ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕