ភ្នំពេញ៖ អាល្លឺម៉ង់ សហការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា ( WVI) ដើម្បីផ្តល់មូលនិធិគាំទ្រជំនួយ«អាហារូបត្ថម្ភបន្ទាន់» ដល់ស្រ្តីមានផ្ទៃពោះ និងកុមារនៅជំរំភៀសសឹកតាមតំបន់ព្រំដែនដែលរងផលប៉ះពាល់ដោយជម្លោះកម្ពុជា-ថៃ ។ គំនិតផ្តួចផ្តើមនេះ នឹងជួយដល់កុមារអាយុក្រោម ៥ ឆ្នាំ ជាង ១.000 នាក់ រួមទាំងស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន ចំនួន ៥៧២ នាក់ ដែលកំពុងរស់នៅសហគមន៍រងផលប៉ះពាល់ ក្នុងខេត្តព្រះវិហារ សៀមរាប និងឧត្តរមានជ័យ។
បច្ចុប្បន្ននេះ សហគមន៍ដែលរងផលប៉ះពាល់ ជាពិសេសកុមារតូចៗ និងស្ត្រីមានផ្ទៃពោះ ឬស្ត្រីបំបៅដោះកូន ពឹងផ្អែកលើការផ្តល់ជំនួយជាអាហារ ដូចជា មីកញ្ចប់ ត្រីកំប៉ុង និងអង្ករជាដើម។ ខណៈពេលដែលអាហារទាំងនេះគ្រប់គ្រាន់សម្រាប់ទ្រទ្រង់អាហារប្រចាំថ្ងៃ ប៉ុន្តែនៅតែមិនអាចបំពេញបាននូវតម្លៃអាហារូបត្ថម្ភដែលត្រូវការដើម្បីទ្រទ្រង់សុខភាពម្តាយ និងកុមារតូចៗនោះទេ។
ដើម្បីដោះស្រាយហានិភ័យទាំងនេះ គម្រោងបាននិងកំពុងផ្តល់អាហារបំប៉នដែលរួចរាល់អាចបរិភោគបានសម្រាប់ព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម (RUSF) និងកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ (RUTF) អាយុក្រោម ៥ ឆ្នាំ (៦-៥៩ ខែ) ដែលត្រូវបានកំណត់តាមរយៈការស្រាវជ្រាវ។ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន ក៏នឹងទទួលបានអាហារបំប៉នមីក្រូសារជាតិច្រើន (MMS) ដែលមានជាតិដែក និងអាស៊ីតហ្វូលិក ដើម្បីទ្រទ្រង់សុខភាពមាតា។ ការត្រួតពិនិត្យស្ថានភាពអាហារូបត្ថម្ភ ត្រូវបានធ្វើឡើងដោយអ្នកឯកទេសសុខាភិបាល ដោយប្រើឧបករណ៍ស្តង់ដារវាស់ជុំវិញពាក់កណ្តាលដើមដៃ (MUAC) និងការវាយតម្លៃទម្ងន់ធៀបនឹងប្រវែង/កម្ពស់ ហើយចំពោះករណីធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅព្យាបាលបន្ត។
ដំណើរការនៃការចែកចាយជំនួយនេះត្រូវបានសម្របសម្រួលដោយគណៈកម្មាធិការមណ្ឌលសុវត្ថិភាព អាជ្ញាធរ
មូលដ្ឋាន និងមន្ទីរសុខាភិបាល ដើម្បីធានាថាជំនួយពិតទៅដល់អ្នកដែលត្រូវការបំផុតនៅជំរំភៀសសឹក។ លោកបណ្ឌិត Gidon Windecker អនុប្រធាននៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រចាំស្ថានទូតអាល្លឺម៉ង់ បានមានប្រសាសន៍ថា៖ «តាមរយៈការគាំទ្រជំនួយអាហារូបត្ថម្ភនេះ យើងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារក្រុមដែលងាយរងគ្រោះបំផុត។ អន្តរាគមន៍នេះគឺជាផ្នែកមួយនៃគម្រោងជាបន្តបន្ទាប់ដែលអនុវត្តដោយប្រទេសអាល្លឺម៉ង់ នៅក្នុងវិស័យសុខស្បៀង សុខភាព និងការការពារសង្គម ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។ ការចូលរួមចំណែកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប។ សហភាពអឺរ៉ុបបានផ្តល់ថវិកាចំនួន ៧០០.000 អឺរ៉ូ កាលពីខែមុន ដើម្បីឆ្លើយតបតម្រូវការមនុស្សធម៌ជាបន្ទាន់របស់សហគមន៍ដែលរងផលប៉ះពាល់។ ក្នុងនាមជាសមាជិកសហភាពអឺរ៉ុប និងជាអ្នករួមចំណែកដ៏ធំបំផុតមួយ អាល្លឺម៉ង់បំពេញកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបតាមរយៈការគាំទ្រទ្វេភាគីរបស់ខ្លួន»។
នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា លោក អ៉ីម៉ានូអ៊ែល ហ្គីនទីញ បានមានប្រសាសន៍ថា៖ «ស្ត្រីមានផ្ទៃពោះ និងម្តាយទើបនឹងសម្រាលកូនត្រូវការការថែទាំ និងអាហារូបត្ថម្ភពិសេស ដើម្បីរក្សាភាពរឹងមាំ ជាសះស្បើយក្រោយសម្រាល និងផ្តល់អាហារបំប៉នល្អបំផុតសម្រាប់ទារក។ តាមរយៈការគាំទ្រទាន់ពេលវេលា កុមារអាចលូតលាស់ប្រកបដោយសុខភាពល្អ ម្តាយឆាប់មានភាពរឹងមាំឡើងវិញ ហើយគ្រួសារអាចមានភាពធន់ ទោះបីជាស្ថិតភាពភៀសសឹកក៏ដោយ។ កុមារគ្រប់រូបសមនឹងទទួលបានឱកាសមិនត្រឹមតែរស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែដើម្បីលូតលាស់»។
ជំនួយអាហារូបត្ថម្ភបន្ទាន់នេះ ក៏ឆ្លើយតបនឹងបញ្ហាប្រឈមបង្កឡើងអំឡុងរដូវវស្សានេះផងដែរ។ ទឹកដក់នៅជុំវិញជំរំភៀសសឹក បានបង្កើនហានិភ័យនៃជំងឺឆ្លងតាមទឹក ដូចជារាគរូស ដែលជាកត្តាជំរុញធ្វើឱ្យមានកង្វះអាហារូបត្ថម្ភរបស់កុមារ។ ការចិញ្ចឹមទារក និងកុមារ ត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ ដោយសារតែការប៉ះពាល់ផ្លូវចិត្ត ភាពតានតឹង និងកន្លែងស្នាក់នៅដែលមានមនុស្សច្រើន។ ម្តាយជាច្រើនរាយការណ៍ពីការលំបាកក្នុងការបំបៅកូនដោយទឹកដោះម្តាយ ហើយអ្នកថែទាំខ្លះងាកទៅរកការប្រើប្រាស់ផលិតផលជំនួស ដូចជាទឹកដោះគោកំប៉ុង ឬបបរធម្មតា។ ដូច្នេះហើយ ប្រសិនបើគ្មានការអន្តរាគមន៍ទាន់ពេលវេលាក្នុងផ្តល់អាហារបំប៉នបន្ថែម អាហារបន្ថែមមីក្រូសារជាតិ ការផ្តល់ប្រឹក្សាអន្តរបុគ្គលស្តីពីអាហារូបត្ថម្ភមាតា ទារក និងកុមារតូច និងការតាមដាន រួមទាំងអន្តរាគមន៍អាហារូបត្ថម្ភជាមូលដ្ឋានដំបូងទេ នោះហានិភ័យនៃបញ្ហាកង្វះអាហារូបត្ថម្ភនៅកាន់តែខិតជិតពួកគេបំផុត៕