ភ្នំពេញ៖ ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ដែលជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយឈានមុខក្នុងការផលិតម៉ាស៊ីនសម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម, ការកែច្នៃដំណាំកសិកម្ម, និងការនាំចេញ/ចូលផលិតផលកសិកម្ម នៅកោះហៃណាន សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មស្វាយចន្ទី ខណៈបច្ចុប្បន្ន ក្រុមហ៊ុនមួយនេះបានសហការចាប់ដៃគូជាមួយក្រុមហ៊ុនជាច្រើន ដើម្បីប្រមូលទិញស្វាយចន្ទីស្ងួត និងស្វាយចន្ទីកែច្នៃយកទៅចែកចាយទៅកាន់ទីផ្សារប្រទេសចិន។ ចំណាប់អារម្មណ៍នេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។
នាឱកាសនេះ លោក ជា វុទ្ធី បានធ្វើការអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីពីដើមទីដល់ចុងទី ដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយដែលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ និងកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។
បន្ថែមពីនេះ ក្រៅពីស្វាយចន្ទី លោកក៏បានលើកឡើងពីសក្តានុពលនៃដំណាំកសិកម្មផ្សេងទៀតរួមមាន៖ ដំទ្បូងមី ចេក ស្វាយ និងធុរេនជាដើម ដែលក្រុមហ៊ុនអាចធ្វើការគិតគូររៀបចំខ្សែច្រវាក់ផលិតកម្ម និងកែច្នៃដំណំាកសិកម្មទាំងនោះឱ្យកាន់តែមានតម្លៃបន្ថែមខ្ពស់ថែមទៀត។
លោក David Zou Zhun ប្រធានផ្នែកកសិកម្មនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd. បានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការគិតគូរបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនេះ។ បច្ចុប្បន្ន ក្រុមហ៊ុនបានសហការចាប់ដៃគូជាមួយក្រុមហ៊ុន Kampu Nuts Agro Products, ក្រុមហ៊ុន Hangzhou Baichen Food Co., Ltd, ក្រុមហ៊ុន Hangzhou Jiabin Agricultural Park, និងក្រុមហ៊ុន Hangzhou Weiying Food Co., Ltd ដើម្បីធ្វើការប្រមូលទិញស្វាយចន្ទីស្ងួត និងស្វាយចន្ទីកែច្នៃយកទៅចែកចាយទៅកាន់ទីផ្សារប្រទេសចិន។
លោក David Zou Zhun បានឱ្យដឹងទៀតថា គម្រោងវិនិយោគឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ក្រុមហ៊ុននឹងរៀបចំជាបីដំណាក់កាល ដែលដំណាក់កាលទី១ គ្រោងនឹងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានចំនួន ៣ម៉ឺនតោន/ឆ្នាំ, ដំណាក់កាលទី២ ចំនួន ២០ម៉ឺនតោន/ឆ្នាំ និងដំណាក់កាលទី៣ ចំនួន ៥០ម៉ឺនតោន/ឆ្នាំ៕