ភ្នំពេញ៖ តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា នាថ្ងៃទី១១ កញ្ញា បានប្តេជ្ញាក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាការស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតដើម្បីជំរុញវឌ្ឍនភាពក្នុងវិស័យការងារនៅកម្ពុជា។
ក្នុងជំនួបរវាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្នុងបំណងដើម្បីផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង UNDP ខណៈដែលលោកទើបត្រូវបានតែងតាំងថ្មី។
ក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសមិទ្ធផលដែលស្ថាប័នទាំងពីរ បានសម្រេចកន្លងមក និងកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដំណើរការ ក៏ដូចជាការស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតដើម្បីជំរុញវឌ្ឍនភាពក្នុងវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាការឆ្លើយតប លោក អេនរីកូ ហ្គាវេលីយ៉ា តំណាងថ្មីរបស់ UNDP បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់លោករដ្ឋមន្ត្រី និងបានលើកឡើងនូវការប្តេជ្ញាចិត្តនៃស្ថាប័នរបស់លោកក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតាមរយៈការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្នក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕